យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនកុមារ នៅថ្ងៃដំបូង មានកុមារមកចាក់វ៉ាក់សំាងយ៉ាងច្រើន កុះករ

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

ភ្នំពេញ៖ នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នេះ គឺជាថ្ងៃដំបូងនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ ។ ក្នុងយុទ្ធនាការនេះ គេបានឃើញនៅតាមបណ្ដា មណ្ឌលសុខភាពទាំង០៨ នៅរាជធានីភ្នំពេញ មានអាណាព្យាបាល ឪពុកម្ដាយរបស់កុមារបាននាំកូន ចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងយ៉ាងច្រើនកុះករ ជាមួយនឹងភាពក្លាហានរបស់កុមារដើម្បីឆាប់បានចូលរៀនសូត្រ។

     ក្នុងព្រឹត្តិការណ៍នេះគេក៏បានឃើញអភិបាលនៃគណៈអភិបាលខណ្ឌនីមួយៗ បានចុះទៅសម្របសម្រួលនៅតាមទីតាំងនៃការចាក់វ៉ាក់សាំងទាំងនោះផងដែរ ដើម្បីឱ្យដំណើរការនៃការចាក់វ៉ាក់សាំងនេះបានប្រព្រឹត្តទៅដោយរលូននិងទទួលបាននូវភាពជោគជ័យ។

     លោកឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា នៅខណ្ឌឫស្សីកែវមានទីតាំង២កន្លែងសម្រាប់ចាក់ជូនកុមារ ក្នុងនោះមានមណ្ឌលសុខភាពសម្ដេចឪនិងសម្ដេចម៉ែ និងមណ្ឌលសុខ ភាពគីឡូម៉ែត្រលេខ៩ ហើយបើស្ថិតិកុមារដែលត្រូវទទួល ការចាក់វ៉ាក់សាំងមានចំនួនជាង១៨០០០នាក់ ។

   ជាមួយគ្នានោះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំ ពៅ បានមានប្រសាសន៍ថា សម្រាប់ខណ្ឌច្បារអំពៅ មានកុមារយ៉ាងច្រើនមកទទួលការចាក់វ៉ាក់សាំង ដោយភាពក្លាហាន ព្រោះពួកគេចង់បានចូលរៀនឆាប់ៗ ។លោកអភិបាលបន្តថា ចំពោះកុមារដែលត្រូវមកចាក់វ៉ាក់សាំងនៅខណ្ឌច្បារអំពៅ មានចំនួនជាង១៧ ៩៧៣នាក់ ។

  លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលខណៈចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងនេះដែរ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាមាតាបិតា អាណាព្យាបាលកុមារ ត្រូវយកកូនរបស់ខ្លួនមកចាក់ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារសុខុមាលភាពកុមារ បង្កើតភាពស៊ាំ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីមានលទ្ធ ភាពបើកសាលារៀនឡើងវិញ នាពេលឆាប់ខាងមុខ ។ 

   លោកស្រី សៀវ លីជូ ដែលបានយកកូនៗ២នាក់ អាយុ ៦ឆ្នាំ និង៨ឆ្នាំ មកទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ បានបង្ហាញទឹកមុខរីករាយ ក្រោយកូនៗទាំងពីរបាន ទទួលវ៉ាក់សាំងហើយ ។ IMG_20210917_175358_843

លោកស្រីថែមទាំងឱ្យដឹងថា លោកស្រីពុំមានក្តីបារម្ភអ្វីឡើយ ជុំវិញការចាក់វ៉ាក់សាំងដល់កូនៗរបស់គាត់ ហើយនេះជាអ្វីដែលគាត់ទន្ទឹងរង់ចាំ ពោលគ្រាន់តែទទួលដំណឹងថា រាជរដ្ឋាភិបាលប្រកាសផ្តល់វ៉ាក់សាំងដល់ក្មេងៗពី៦ដល់ក្រោម១២ឆ្នាំភ្លាម គាត់បានរៀបចំរួចជាស្រេច ។

    គួរបញ្ជាក់ផងដែរថា បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុ ចាប់ពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់ដូសទី១ គឺត្រូវចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញានេះ ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី ២ចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ ម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងចំនួន ៤២ ទីតាំង ៕IMG_20210917_175401_808

Comments

Related posts