វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ
ព្រះវិហារ ៖ ក្រុមការងារយុវជនគណបក្សស្រុកត្បែងមានជ័យ កាលពីរសៀលថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១
បានរៀបចំពិធីសំណេះសំ ណាលផ្សព្វផ្សាយអំពីបេសកកម្មគោលដៅ ពង្រឹងពង្រីកគោលជំហរ របស់ចលនាក្រុមការងារយុវជនគណបក្សខេត្ត និងប្រកាសអនុប្រធានក្រុមការ ងារយុវជនគណបក្សខេត្ត ចុះជួយស្រុកត្បែង ក្រោមអធិបតីភាព ឯកឧត្ដម ស៊ូ សិរី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកត្បែង ឯកឧត្ដម អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានគណៈកម្មាធិការគណបក្សស្រុក ក្រុមការងារយុវជនគណបក្សសុក ប្រធានគណៈកម្មាធិការគណបក្សឃុំ ក្រុមការងារគណបក្សឃុំ និងសកម្មជនយុវជនគណបក្សភូមិ ផងដែរ ។
បន្ទាប់ពីអានសេចក្តីសម្រេចស្តីពីការចាត់តាំងអនុប្រធានយុវជនគណបក្សខេត្ត ចុះជួយស្រុកត្បែងរួចមក លោក នៅ ចាន់គាង អនុប្រធានទើបតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា គោរពទៅតាមគោលនយោបាយរបស់គណបក្ស ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ជួយសម្របសម្រួលដល់យុវជនគណបក្សស្រុកត្បែងមានជ័យ ទាំងធនធាន សម្ភារ ព្រមទាំងថវិកា និងជួយសម្របសម្រួលដល់យុវជនគណបក្សស្រុកត្បែងមានជ័យ ក្នុងការអូស ទាញយុវជនផ្សេងទៀតឲ្យងាកមកគាំទ្រនូវគោលនយោ បាយដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ដើម្បីធានាឲ្យបាននូវជោគជ័យសម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់អាណត្តិទី៥ នៅឆ្នាំ២០២២ នាពេលខាងមុខ និងបន្តយកជ័យជំនះសម្រាប់ការបោះឆ្នោតជាតិក្នុងអាណត្តិប្រាំឆ្នាំម្តង ។
មានមតិសំណេះសំណាល ឯកឧត្តម អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ បានថ្លែងកោតសរសើរចំពោះក្រុម ការងារយុវជនគណបក្សស្រុកត្បែង ដែលតែងតែចូលរួមគ្រប់សកម្មភាពក្នុងការចុះជួយ បងប្អូនប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជន ឲ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងយុវជននៅគ្រប់បណ្តាថ្នាក់ ។
មានប្រសាសន៍ផ្តាំផ្ញើ នាឱកាសនោះ ឯកឧត្តម ស៊ូ សិរី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកត្បែង បានណែ នាំឲ្យក្រុមការងារយុវជនគ្រប់បណ្តាថ្នាក់ពង្រឹងឡើងវិញនូវរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្សជាយុវជន ការបញ្ចូលសមាជិកបក្សថ្មីជាយុវជន និងការបណ្តុះបណ្តាលសមាជិកបក្ស ដើម្បីឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី និងសមាជិកបក្សម្នាក់សន្លឹក ឆ្នោត១សន្លឹក ឲ្យគណបក្សទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតគ្រប់អាណត្តិទាំងអស់ ជាពិសេសឆ្នាំ២០២២-២០២៣ ខាងមុខនេះ ដើម្បីទុកលទ្ធភាពជូនសម្តេចតេជោបន្តធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត ដឹកនាំប្រទេសឲ្យ ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្ថែមទៀត ។
ឯកឧត្តម បន្តទៀតថា គោល នយោបាយរបស់គណបក្ស ប្រជាជនកម្ពុជាក្នុងការអនុវត្តកម្មវិធីនយោបាយដើម្បីកសាងការពារមាតុភូមិ ដែលបានធ្វើឲ្យទីក្រុង និងជនបទ នៅទូទាំងប្រទេស បានផ្លាស់ប្តូរក្នុងដំណើររីកចម្រើនយ៉ាងលឿន ប្រកបដោយចីរភាព ជាពិសេសនៅក្នុងកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ឆ្នាំ ២០១៨ – ២០២៣ បានលើកយកការលំបាក និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមកដោះ ស្រាយ ដើម្បីជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានសន្ទុះកាន់តែខ្លាំងជាងមុន ពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងអនាគតដ៏ខ្លីខាងមុខនេះ។ ទាំងអស់នេះ គឺដើម្បីសុខុមាលភាព និងភាពសុខដុមរមនាក្នុងសង្គមកម្ពុជាទាំងមូល ។
ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុក គឹមសាន ក៏បាននាំយកនូវសម្ភារមួយចំនួនផ្ដល់ជូនក្រុមការងារយុវជនគណបក្សស្រុក រួមមាន ៖ ទឹកផ្លែឈើ ១០កេស ត្រីខ ០២កេសធំ ទឹកសុទ្ធ ១០កេស ម៉ាស់ ១០ដុំ មី ០២កេសធំ អាវយុវជនចំនួន ២៥អាវ និងថវិកាចំនួន៣,០០០,០០០ រៀល ៕
Comments