វិទ្យុជាតិកម្ពុជា ៖ លោក អេង យូ
ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ អាជ្ញាធរខេត្តសៀមរាបបាន ជួយសម្រួលផ្នែកសេវាកម្មដឹកជញ្ជូនទំនិញបរិភោគដោយមិនគិតថ្លៃ ក្នុងរយៈនៃការបិទខ្ទប់នេះ ខណៈដែលប្រជាពលរដ្ឋពុំអាច ចេញទៅក្រៅបាន។
លោកនួន ពុទ្ធារ៉ា អភិបាល ក្រុងសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា តាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១នេះថា ស្ថានភាពរស់នៅរបស់បងប្អូនប្រជា ពលរដ្ឋនៅតំបន់បិទខ្ទប់នៃសង្កាត់មួយចំនួនក្នុងក្រុងសៀមរាប ហាក់មានភាពល្អប្រសើរ ដោយភាគច្រើនបង ប្អូនប្រជាពលរដ្ឋមានការចូលរួមជាមួយអាជ្ញាធរ ក្នុងសកម្មភាពបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
លោកបន្តថា ដើម្បីសម្រួលដល់ដំណើរការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ អាជ្ញាធរខេត្តបានគិតគូរជាខ្លាំង ជាពិសេសមានការផ្តល់សេវាកម្មដឹក ជញ្ជូនទំនិញ គ្រឿងបរិភោគដោយមិនគិតថ្លៃសម្រាប់អ្នករស់នៅតំបន់បិទខ្ទប់ និងតំបន់លឿងទុំ ទូទាំងក្រុងសៀមរាប ។ បន្ថែមពីនេះ ដើម្បីបង្កើនភាពងាយស្រួល លឿនរហ័ស ដល់ការដឹកជញ្ជូនទំនិញបរិភោគទាំងនោះ អាជ្ញាធរក្រុងសៀមរាប បានសម្រេចអនុញ្ញាតឱ្យមានបន្ថែមក្រុម ហ៊ុនដឹកជញ្ជូនចំនួន២ផ្សេង ទៀត ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនដល់លំនៅស្ថានរបស់ប្រជាពលរដ្ឋ ហើយបុគ្គលិកដឹកជញ្ជូននៅលើដងផ្លូវទាំងនោះសុទ្ធតែត្រួត ពិនិត្យសុខភាពរួចរាល់ ដោយជំនាញពាក់ព័ន្ធ។
សំឡេង៖មកដល់ពេលនេះមានលក្ខណៈល្អប្រសើរ ស្ងប់ ស្ងាត់តាមដងផ្លូវ តាមគេហ ដ្ឋានគឺស្ងប់ស្ងាត់ ហាងទាំង អស់ត្រូវបានបិទ យើងអនុ ញ្ញាតបើកតែលក្ខណៈកម្ម៉ង់ រដ្ឋបាលខេត្តបានរៀបចំអ្នកដឹកជញ្ជូន ដែលមានពិនិត្យធ្វើតេស្តហើយអស់ ទើបយើងចេញកាតជូនឱ្យដឹកជញ្ជូនលើដងផ្លូវ ផ្ទាល់ខ្លួនគាត់គឺសុវត្ថិ ភាព ក៏ដូចជាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋដទៃ ទៀត យើងចែកជា២ប្រភេទ ទី១រដ្ឋបាលខេត្តលោករៀបចំក្រុមដឹកជញ្ជូនតុកៗ ឯកឧត្តមអភិបាលលោកចេញសោ ហ៊ុយជំនួស(Free) ប៉ុន្តែឥឡូវនេះយើងអនុញ្ញាតជូន ២ក្រុមទៀត ដូចជាហ្វូតផេន ដា និងក្រុម២៤ហ្នឹង ថ្ងៃនេះល្ងាចបន្តិចបានយើងចេញប័ណ្ណជូន ព្រោះតម្រូវឱ្យគាត់ធ្វើតេស្តទាំងអស់ ទើបអាចដឹកជញ្ជូនក្នុងតំបន់ក្រហមបាន ហើយហាងម៉ាតធំៗបិទទ្វារអស់ហើយអត់ភ្ញៀវចូលទេ ប៉ុន្តែគាត់ប្រកាសលេខទូរស័ព្ទកម្ម៉ង់ អ៊ីចឹងគាត់អាចស្នើសុំការដឹកជញ្ជូនបាន តែត្រូវទៅធ្វើតេស្តនៅមុខមន្ត្រីយើង យើងចេញកាតជូនក្នុង នាមអ្នកដឹកជញ្ជូនស្ថិតក្រោមការគ្រប់គ្រងរបស់យើង។
សូមជម្រាបផងដែរថា សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប បានកំណត់ជាតំបន់ក្រហមបណ្តោះអាសន្ន រយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រសង្កាត់ និង ភូមិមួយចំនួន ក្នុងក្រុងសៀមរាប រួមមាន៖ សង្កាត់ស្លក្រាម,ស្វាយដង្គំ , គោកចក , សង្កាត់ជ្រាវ ភូមិតាវៀននៃសង្កាត់សាលាកំរើក ភូមិព្រៃធំនិងភូមិស្រង៉ែក្នុងសង្កាត់ស្រង៉ែ នៃក្រុងខេត្ត សៀមរាប ដើមី្បធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ- ១៩ នៅក្នុងភូមិសាស្ត្រកំណត់ជាតំបន់ក្រហម គឺ ដើម្បីទប់ ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាល ដាលទៅតំបន់ផ្សេងទៀត។ គណៈបញ្ជាការឯកភាពរដ្ឋ បាលក្រុង សៀមរាប បានអនុវត្តវិធានការចាំបាច់មួយ ចំនួន ចំពោះបុគ្គលដែលមិនគោរពតាមបម្រាម ដែលរដ្ឋ បាលខេត្តបានដាក់ចេញ៕
Comments