សល់ជាង១ខែទៀតប៉ុណ្ណោះ ដល់ពេលសភាកម្ពុជាដឹកនាំប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២១ ០៩ ២០២១

 

  សភាកម្ពុជា នឹងដឹកនាំរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ហៅកាត់ អាសិប (ASEP) លើកទី១១ តាមអនឡាញ ឬហៅថា ប្រព័ន្ធនិម្មិត (Virtual Meeting) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ មុនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ហៅកាត់ អាសិម(ASEM) លើកទី១៣របស់រាជរដ្ឋាភិបាលជាងមួយសប្ដាហ៍ ក្នុងគោលបំណងបង្កើនកិច្ចទំនាក់ទំនងផ្នែកការទូត ក៏ដូចជា ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប។

តាមការបញ្ជាក់ពីឯកឧត្ដម ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូអាសិបនេះ បានឱ្យដឹងថា ដំបូងឡើយគណៈ ប្រតិភូសភាក្នុងចំណោម ប្រទេសជាសមាជិកគ្រោងជួបប្រជុំគ្នានៅកម្ពុជាដោយផ្ទាល់ ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺ កូវីដ១៩មិនធូរស្បើយ ក៏លើកទៅជួបប្រជុំគ្នាតាមរយៈ ប្រព័ន្ធអនឡាញវិញ។

ឯកឧត្តម មានប្រសាសន៍ថា កិច្ចប្រជុំតាមរយៈអនឡាញបែបនេះ គឺជាការរៀបចំលើកទី១ហើយសម្រាប់វេទិកាកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប និងក៏ជាលើកទី១ដែរ សម្រាប់សភាកម្ពុជា ដែលទទួលរៀបចំកិច្ចប្រជុំអនឡាញ ហើយមានទ្រង់ទ្រាយធំបែបនេះ។ ឯកឧត្ដម បណ្ឌិតបានជំរុញដល់អនុគណៈកម្មការនានា បន្តធ្វើការងារតាមមុខសញ្ញារៀងៗខ្លួន សំដៅធ្វើយ៉ាងណាត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយនេះ ប្រព្រឹត្តទៅដោយរលូន។

សូមបញ្ជាក់ថា ASEP គឺជាផ្នែកមួយរបស់កិច្ចប្រជុំ ASEM ដែលត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ក្នុងឆ្នាំ១៩៩៦ ដែលនៅពេលនោះមានដៃគូចំនួន២៦ប្រទេស ហើយកម្ពុជាបានក្លាយជាសមាជិកនៃវេទិកានេះ ក្នុងចំណោមប្រទេសជាដៃគូដែលមកដល់បច្ចុប្បន្ននេះមានចំនួន៥៣ប្រទេស ក្នុងគោលបំណងរៀបចំវេទិកាមួយសម្រាប់បង្កើនកិច្ចទំនាក់ទំនង ការផ្លាស់ប្តូរបទពិសោធន៍ ការលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក ការជំរុញពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ក្នុងចំណោមប្រជាជន និងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី និងអឺរ៉ុប៕IMG_20210921_081657_329

Comments

Related posts