វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២១ ០៩ ២០២១
ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWF បានផ្តល់ការអះអាងថា ពួកគេបានប្រទះឃើញហ្វូងកូនសត្វក្រពើភ្នំដែលជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុតចំនួន៨ក្បាល ខណៈពេលដែលពួកគេបានចុះតាមដាន និងស្រាវជ្រាវសត្វនេះ នៅក្នុងដែនជម្រកធម្មជាតិនៃតំបន់ស្រែពកក្នុងអំឡុងពេលនៃរដូវពងនិងញាស់កូនរបស់វា។
លោក ប៊ុន សុធា សមាជិកម្នាក់ នៃក្រុមអ្នកស្រាវជ្រាវបានរៀបរាប់ថា ហ្វូងកូនសត្វក្រពើភ្នំទាំង នេះ បច្ចុប្បន្នកំពុងរស់នៅដោយ សុវត្ថិភាពក្នុងទីជម្រកធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹងដោយមន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាស៍ថា៖ “នេះគឺជាដំណឹងដ៏ល្អមួយដែលយើងត្រូវសាទរនិងជាផ្លែផ្កាមួយនៃកិច្ចសហប្រតិបត្តិការអភិរក្សរវាងក្រសួងបរិស្ថាននៃរាជរដ្ឋាភិបាលកម្ពុជា អង្គការWWF និងអង្គការដៃគូ ជាពិសេសសមាជិកទាំងអស់នៃក្រុមការងារស្រាវជ្រាវវិទ្យាសា្រស្រ្តនៃក្រសួងបរិស្ថាន និងអង្គការWWF ដែលបានខិតខំប្រឹងប្រែងសិក្សានិងស្រាវជ្រាវរហូតទទួលបាននូវលទ្ធផលដោយបានកត់ត្រាបញ្ជាក់ជាផ្លូវការលើកដំបូងបង្អស់នៃហ្វូងកំពុងបន្តពូជនៃសត្វក្រពើភ្នំដ៏កម្របំផុតនេះនៅតំបន់ស្រែពក»។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀត ថា៖ «គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនេះបានបង្ហាញឱ្យឃើញពីសារសំខាន់នៃដែនជម្រកសត្វព្រៃស្រែពក ជាតំបន់ជីវៈចម្រុះសកលមួយដែលមាន សក្តានុពលខ្ពស់សម្រាប់ការស្តារធនធានជីវៈចម្រុះ និងចំនួនសត្វព្រៃសំខាន់ៗមានតម្លៃជាសកលឡើងវិញ»។
ផ្អែកតាមការបញ្ជាក់របស់កញ្ញា Milou Groenenberg ជាប្រធានផ្នែកស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការWWF របកគំហើញនាពេលនេះត្រូវបានអ្នកវិទ្យាសាស្រ្តចាត់ទុកថាជាការវិវត្តន៍ដ៏វិជ្ជមានមួយ នៃការសិក្សាស្តីពីសត្វក្រពើភ្នំនៅក្នុងតំបន់នៃដែនជម្រកសត្វព្រៃស្រែពក ដោយហេតុថាវត្តមានរបស់ សត្វនេះមិនត្រូវបានគេបញ្ជាក់ជាផ្លូវការទេ បើផ្អែកតាមរបាយការណ៍ស្រាវជ្រាវនានាដែលគេធ្លាប់ទទួលបានកាលពីរយៈពេលជាច្រើនឆ្នាំកន្លងមក រីឯការកត់ត្រាវត្តមានរបស់វាតាមរយៈរូបភាពក៏គ្មានដែរក្នុងទសវត្សរ៍ចុងក្រោយនេះ។ កញ្ញា Milou និយាយថា៖ «កាលពីមុនអ្នក វិទ្យាសាស្រ្តនៅមិនទាន់អាច បញ្ជាក់ច្បាស់បានទេថាសត្វក្រពើភ្នំដែលរស់នៅក្នុងទីជម្រក ស្រែពកនេះអាចមានគូបង្កាត់ពូជបាន ហើយក៏គេកាន់តែមិនអាចបញ្ជាក់បានទៀតថា តើសត្វនេះបានធ្វើសំបុកនៅទីណាមួយក្នុងតំបន់នេះ ហើយមានញាស់កូនដែរឬអត់ នោះឡើយ»។
អ្នកវិទ្យាសាស្រ្តសូមបញ្ជាក់ថា សត្វនេះ មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះ ត្រូវបាត់បង់គួរឲ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា។ ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ ដែល ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុប ចន្លោះពី ២០០ ទៅ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស ខណៈវត្តមានក្រពើភ្នំនៅលើពិភពលោកមានមិនលើសពី១ពាន់ក្បាលនោះឡើយ។
កត្តាគំរាមកំហែងចំពោះការរស់រានរបស់សត្វក្រពើភ្នំមានដូចជា៖ ការរេចរឹលនិងការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ដែលបណ្តាលមកពីតម្រូវការនៃការជួញដូរសត្វព្រៃខុសច្បាប់ ការចាប់ដោយខុសច្បាប់ដើម្បីផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមក្រពើ ការចាប់យកទៅបង្កាត់ពូជជាមួយពូជក្រពើផ្សេង ទំនប់វារីអគ្គិសនី និងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ជាដើម៕
Comments