កម្ពុជាអាចនឹងទទួលរងនូវជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី២២ដល់២៨ខែកញ្ញា

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា 

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថា កម្ពុជាអាចនឹងទទួលរងនូវជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៨ខែកញ្ញា ដូច្នេះឱ្យប្រជាពលរដ្ឋទំាងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសផលប៉ះពាល់នានាដែលកើតមានឡើងជាយថាហេតុ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលវិទ្យុជាតិកម្ពុជា ទទួលបានឱ្យដឹងថា នៅថ្ងៃទី២២ដល់២៦ ខែកញ្ញា ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ)ដែលអូសបន្លាយកាត់ លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនិងខ្យល់មូសុងនិរតីបក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ ហើយបន្តមកសម្ពាធទាបដែលស្ថិតនៅក្នុងប្រព័ន្ធ (ITCZ) ស្ថិតខាងកើតហ្វីលីពីនអាចវិវត្តខ្លួនទៅជាសម្ពាធទាបសកម្ម ឬវិសម្ពាធនៅលើសមុទ្រចិនខាងត្បូង ។ តាមការព្យាករគន្លងរបស់សម្ពាធទាបសកម្ម ឬវិសម្ពាធទាបនេះ នៅថ្ងៃទី២៤-២៥ ខែកញ្ញា នឹងបក់ចូលប្រទេសវៀតណាម ស្ថិតនៅចន្លោះតំបន់ គីញើន (Qui Nhon) និងដាណាង (Da Nang) ។

photo_2021-09-21_09-14-11
ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៣ទៅ២៥°C និងសីតុណ្ហភាពអតិបរមា មានពី ៣២ទៅ៣៤°C ហើយអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តមួយចំនួន  រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ។
រីឯបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២២ទៅ២៤°C និងសីតុណ្ហភាពអតិបរមា មានពី ៣១ទៅ៣៣°C ហើយអាចនឹង មានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅបណ្តាខេត្តជាប់ជួរភ្នំដងរែក ភាគឦសានជាប់ប្រទេសវៀតណាម ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
ចំណែកឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣ទៅ២៥°C និងសីតុណ្ហភាពអតិបរមា មានពី ៣២ទៅ៣៥°C ហើយអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តមួយចំនួននៃខេត្តកោះកុង និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រនឹងអាចមាន ភ្លៀង ខ្យល់ និងរលកសមុទ្រមធ្យម ៕

Comments

Related posts