ឆមាសទី១ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិត មានសរុបជាង១ពាន់ករណី

វិទ្យុជាតិកម្ពុជា ៖ លោក វ៉ាង ភក្តី
ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ឆ្នាំ២០២១នេះ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជែង មានសរុប១.៣៣៣ករណី ថយចុះ៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២០ ដែលមានចំនួនជាង ២.៧០០ករណី។ នេះបើតាមការឱ្យដឹងពីលោក ចាយ សំណាង អនុប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈនៃ បេឡាជាតិសន្តិសុខសង្គម។

photo_2021-09-21_11-04-42
ថ្លែងក្នុងវេទិកាស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់កម្មករនិយោជិត ជាមួយបណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ លោក ចាយ សំណាង បានបញ្ជាក់ថា ក្នុងចំណោមករណីគ្រោះថ្នាក់លើកម្មករនិយោជិតនេះ គឺមានកម្មករនិយោជិតស្លាប់ចំនួន៣៣នាក់ របួសធ្ងន់៣២៨នាក់ និងរបួសស្រាល១.១៦៣នាក់។ ករណីគ្រោះថ្នាក់កើតឡើងភាគច្រើន ចំពោះរថយន្តដឹកកម្មករប្រភេទរថយន្តដឹកទំនិញ(រថយន្តកូរ៉េ) និងទោចក្រយានយន្ត។ លោកបន្តថា ក្នុងឆមាសទី១ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍មកលើរថយន្តដឹកកម្មករ មានចំនួន៦ករណី ដោយមានជនរងគ្រោះសរុប២៧៦នាក់។

photo_2021-09-21_11-05-28
លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការបង្ការរបួសអាស៊ី ហៅកាត់ AIP ប្រចាំកម្ពុជា បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតពីរថយន្តដឹកទំនិញ ឬហៅថា រថយន្តកូរ៉េ មកជារថយន្តដែលមានសុវត្ថិភាពត្រឹមត្រូវ ដូចជារថយន្តក្រុង ឬរថយន្តដែលមានកៅអីអង្គុយត្រឹមត្រូវ និងមានខ្សែក្រវាត់សុវត្ថិភាព។

photo_2021-09-21_11-05-10
សូមបញ្ជាក់ថា បច្ចប្បន្ននៅកម្ពុជាមានកម្មករនិយោជិតជាង៧០ម៉ឺននាក់ បានធ្វើការនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ក្នុងនោះភាគច្រើនលើសលប់ គឺស្រ្តីដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។
តាមរបាយការណ៍របស់បេឡាជាតិសនិ្តសុខសង្គម បានបង្ហាញថា បើគិតជាមធ្យមក្នុងមួយខែៗ មានករណីគ្រោះថ្នាក់លើរថយន្ត ដឹកកម្មករ រួមបែបនេះយ៉ាងតិចណាស់ក៏មួយករណីដែរ និងបណ្តាលឱ្យកម្មករនិយោជិតរងរបួសធ្ងន់ស្រាលជាច្រើនសិបនាក់ក្នុងករណីនីមួយៗ និងករណីខ្លះរហូតដល់ស្លាប់បាត់បង់ជីវិត៕

Comments

Related posts