ជប៉ុនផ្តល់បរិក្ខារសុខាភិបាលមួយចំនួនទៀតដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា ៖ លោក វ៉ាង ភក្តី 
ភ្នំពេញ ៖ បរិក្ខារចាំបាច់សំខាន់ៗសម្រាប់ពង្រឹងការគ្រប់គ្រងប្រព័ន្ធត្រជាក់ ដែលប្រើប្រាស់សម្រាប់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានប្រគល់ ជូនក្រសួងសុខាភិបាលកម្ពុជាបន្ថែមទៀត ក្រោមការគាំទ្រដោយប្រទេសជប៉ុន តាមរយៈអង្គការយូនីសេហ្វ។

 

photo_2021-09-21_11-26-58 (2)
  បរិក្ខារទាំងនេះរួមមានទូក្លាស្សេវ៉ាក់សាំងចំនួន២១គ្រឿង ម៉ាស៊ីនកំណត់កម្លាំងវ៉ុលអគ្គិសនី២១គ្រឿង និងឧបករណ៍សម្គាល់ទូក្លាស្សេ សម្រាប់ពិនិត្យតាមដានសីតុណ្ហភាព២៧១គ្រឿង ដែលបានទទួលថវិកាគាំទ្រពីរដ្ឋាភិបាលជប៉ុន និងការគាំទ្រផ្នែកលទ្ធកម្មពីយូនីសេហ្វ។ នេះបើតាមការឱ្យដឹងពីស្ថានទូតជប៉ុននៅថ្ងៃទី២១ ខែកញ្ញានេះ។

photo_2021-09-21_11-26-59
  ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា បរិក្ខារប្រព័ន្ធត្រជាក់ដែលដំណើរការល្អ នៅទូទាំង ប្រទេសកម្ពុជា នឹងធានាឱ្យមានការរក្សាទុកវ៉ាក់សាំងកូវីដ-១៩បានល្អ និងធ្វើឱ្យការផ្តល់វ៉ាក់សាំងនិងថ្នាំបង្ការជាប្រចាំនៅក្នុងប្រទេសកម្ពុជា មានដំណើរការកាន់តែប្រសើរនៅក្នុងរយៈពេលវែង។ ឯកឧត្តម បន្តថា ការគាំទ្រនេះ គឺជាផ្នែកមួយនៃជំនួយឆ្លើយតបចំពោះស្ថានភាព បន្ទាន់ ពីរដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់សរុបចំនួន៣៦‌,៩លានដុល្លារ ដល់ការិយាល័យយូនីសេហ្វប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក សម្រាប់គាំទ្រដល់ប្រទេសចំនួន១២ ក្នុងការបង្កើនសមត្ថភាពនៃប្រព័ន្ធត្រជាក់របស់ខ្លួន។ ថវិកាចំនួនជាង៩០ម៉ឺនដុល្លារ ត្រូវបានវិភាជន៍ សម្រាប់ប្រទេសកម្ពុជា។ 
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា ការគាំទ្រពីរដ្ឋាភិបាលជប៉ុន បំពេញតួនាទីយ៉ាងសំខាន់ ក្នុងការជួយឱ្យកម្មវិធីផ្តល់វ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសកម្ពុជាទទួលបានជោគជ័យ រួមចំណែកដល់ការអនុវត្តន៍ផែនការស្តារឡើងវិញ របស់ប្រទេសកម្ពុជា និងបន្តពង្រឹងសមត្ថភាពផ្ដល់ថ្នាំបង្ការ។

photo_2021-09-21_11-26-59 (2)
  សូមរំឭកថា កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុនបានផ្តល់ជំនួយជាវ៉ាក់សាំងអាស្រ្តាហ្សេនឹកាចំនួន១លានដូស ដែលផលិតនៅជប៉ុន ដល់ប្រទេសកម្ពុជា។
គិតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់វ៉ាក់សាំងជូនពលរដ្ឋ អាយុចាប់ពី ១២ ឆ្នាំឡើងទៅ ប្រមាណ១១.៥លាននាក់ ស្មើនឹងប្រហែល៩ភាគរយ នៃក្រុមប្រជាជនគោលដៅ។លទ្ធផលនេះធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋច្រើនជាងគេនៅក្នុងតំបន់អាស៊ាន និងនៅក្នុងសកលលោក ដែលនេះជាសមិទ្ធផលមួយដ៏អស្ចារ្យ៕

photo_2021-09-21_11-26-58 (2)

Comments

Related posts