រាជរដ្ឋាភិបាលប្តេជ្ញា ក្នុងការតម្រង់ទិសដៅគោលនយោបាយ និងធនធានរបស់ខ្លួនដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩ ស្តារនិងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចឱ្យបានឆាប់រហ័ស

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងខ្លំាងក្លា ក្នុងការតម្រង់ទិសដៅគោលនយោបាយ និងធនធាន របស់ខ្លួនដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវដ-១៩ តាមរយៈការជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបាន១៣លាននាក់ តាមការ គ្រោងទុក ការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ច ស្តារនិងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចឱ្យបាន ឆាប់រហ័ស ដោយបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម។
យោងតាមសារលិខិតក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១  សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យជាច្រើន ជាពិសេសស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ ពិភពលោកទាំងមូល ខណៈរហូតមកដល់ពេលបច្ចុប្បន្ននេះនៅទូទាំងសកលលោក ប្រជាជនជាងពីររយលាននាក់ បានឆ្លង និង ជាង បួនលាននាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ ពិភពលោកក៏កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចជាសកល តាមរយៈការធ្លាក់ចុះ នូវកំណើនសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ដោយសារការបង្អាក់លំហូរសកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលមានជាអាទិ ខ្សែចង្វាក់ផលិតកម្ម ការធ្លាក់ចុះនៃតម្រូវការ និងការផ្គត់ផ្គង់ទំនិញសេវាកម្ម ទេសចរណ៍ គួបផ្សំនឹងការដាក់ចេញវិធានការរឹតត្បិតផ្នែករដ្ឋបាលក្នុងការធ្វើដំណើរ និងការបិទខ្ទប់នៅតាមតំបន់ភូមិសាស្ត្រនានា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ ពិភពលោកក៏នៅតែបន្ត ប្រឈមមុខនឹងហានិភ័យ ដោយសាររលកថ្មីនៃជំងឺកូវីដ-១៩និងការបំប្លែងថ្មីនៃវីរុសកូរ៉ូណា។

photo_2021-09-21_10-34-36
សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំ និងគ្រោងដាក់ចេញផែនការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ដោយផ្តល់អាទិភាពចម្បងលើ (១)ស្តារឡើងវិញ គឺកសាងមូលដ្ឋានរឹងមាំសម្រាប់សេដ្ឋកិច្ច វិលទៅរក កំណើនឡើងវិញ ដោយផ្តោតលើការធានាសុវត្ថិភាព ការគ្រប់គ្រងផលប៉ះពាល់ ការរក្សាលំនឹងនិងការជំរុញឱ្យងើបឡើងវិញនៃធុរកិច្ច ដែលមានសក្តានុពល ជាពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងឆាប់រហ័ស (២) កែទម្រង់ គឺបន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ ដែលរួមមានការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួល ពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច និងការជំរុញ និងការអភិវឌ្ឍន៍ឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និងឯកជន និង (៣) កសាងភាពធន់ គឺពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺឬស្ថានភាពស្រដៀងគ្នាដែលអាចផ្ទុះឡើងនាពេលអនាគត ដោយផ្តោតលើការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមដែលរឹងមាំ មានប្រសិទ្ធភាព និងការធានាចីរភាព និងបរិយាប័ន្ន នៃការស្តារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម៕

Comments

Related posts