កីឡាករបាល់ទាត់ឆ្នើម លោក ប៉ែន ផាត គ្រោងជួយបណ្តុះបណ្តាលកីឡាករកម្ពុជាវ័យក្មេង ដើម្បីរួមចំណែកលើកកម្ពស់ វិស័យកីឡាបាល់ទាត់នៅកម្ពុជា

 

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ២១ កញ្ញា ២០២១

               MC ៖ កីឡាករបាល់ទាត់ឆ្នើម លោក ប៉ែន ផាត មានគម្រោងជួយបណ្តុះបណ្តាលដល់កីឡាករកម្ពុជាវ័យក្មេង ដើម្បីលើកកម្ពស់ វិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យបានកាន់តែរីកចម្រើននិងមានភាពល្បីល្បាញលើឆាកអន្តរជាតិ។លោក ប៉ែន ផាត គឺជាកីឡាករ បាល់ទាត់ជម្រើសជាតិប្រចាំកម្ពុជានាពាក់កណ្តាលទសវត្សរ៍ ៥០ ៦០ និង៧០ បានបង្ហាញគម្រោងដូច្នេះ ក្នុងឱកាសអញ្ជើញចូលជួប សំដែងការគួរសមនិងបង្ហាញពីក្តីនឹករលឹកជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ។IMG_20210921_211544_092

    លោក ប៉ែន ផាត បានសំដែងការរីករាយ ដោយបានមកកាន់ទឹកដីកំណើតខ្លួនវិញនៅក្នុងវ័យ៧៤ឆ្នាំ បន្ទាប់ពីបានទៅរស់នៅក្រៅ ប្រទេសជាច្រើនឆ្នាំមកហើយ ។ តាមប្រវត្តិក្នុងវិស័យកីឡាបាល់ទាត់ លោក ប៉ែន ផាត បានចូលហាត់លេងបាល់ទាត់ តាំងពីអាយុ១៥ឆ្នាំ មកម្ល៉េះ រហូតបានក្លាយជាកីឡាករជម្រើសជាតិកម្ពុជា ដោយធ្វើការប្រកួតជាលក្ខណៈអន្តរជាតិ ក្នុងស្រុក និងបន្តទៅលេងនៅក្រៅប្រទេស ជាច្រើនប្រកួត។ លោកបានបន្តថា បាល់ទាត់កាលនោះ មានភាពជោគជ័យច្រើន ដោយបាននាំយកនូវលទ្ធផលល្អ មកជូនប្រទេសជាតិ ។ លោក ប៉ែន ផាត បានបញ្ជាក់ថា នៅឆ្នាំ១៩៧២ រូបលោកបានចេញទៅប្រកួតឲ្យក្លឹបកីឡាបាល់ទាត់ល្បីមួយក្នុងប្រទេសថៃ ដោយបានឈ្នះ ពានរង្វាន់ធំៗចំនួន៦ពាននៅថៃ ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា ។ បន្ទាប់ពីបានលេងនៅក្លឹបក្នុងប្រទេសថៃរួចមក នៅក្នុងឆ្នាំ១៩៧៧ លោក ប៉ែន ផាត ក៏បានទៅលេងឱ្យក្លឹបបាល់ទាត់នៅក្នុងប្រទេសបារាំងថែមទៀតផង។ ដូច្នេះការដែលលោក ប៉ែន ផាត ត្រឡប់មកកម្ពុជា នាពេលនេះ គឺមានភារកិច្ចការងារផ្ទាល់ខ្លួន និងគម្រោងជួយបណ្តុះបណ្តាលកីឡាករកម្ពុជាវ័យក្មេង ដែលស្រឡាញ់វិស័យកីឡាបាល់ទាត់ ហើយចេះគោរពវិន័យ និងប្រឹងប្រែងហាត់រៀនឱ្យពូកែ ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ។ 

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវសេចក្ដីរីករាយ ដោយបានឃើញវត្តមាន កីឡាជម្រើសជាតិដ៏ល្បី កាលពីជំនាន់មុន គឺលោក ប៉ែន ផាត មកកាន់កម្ពុជានាពេលនេះ ហើយសង្ឃឹមថា លោកនឹងមានពេលវេលា រួមទាំងកម្លាំងកាយចិត្ត មកជួយដល់វិស័យកីឡាបាល់ទាត់ នៅក្នុងប្រទេសកម្ពុជា៕IMG_20210921_211545_986

Comments

Related posts