អាជ្ញាធរកំពុងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

 

វិទ្យុជាតិកម្ពុជា ÷ លោក ជួន បូណា

                    បន្ទាយមានជ័យ ៖ អាជ្ញាធរកំពុងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំបញ្ជាកម្លាំងចម្រុះ រៀបចំធ្វើ ស្ពានឈើបណ្តោះអាសន្ន ដើម្បីឱ្យប្រជាពលរដ្ឋឆ្លងកាត់ ទៅកាន់ទីទួលសុវត្ថិភាពត្រៀមសម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់។ IMG_20210921_185037_067

ក្នុងប្រតិបត្តិការដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះ ក្នុងភូមិសាស្រ្ត ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឯកឧត្តមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា និងទឹកធ្លាក់ពីលើភ្នំយាយសំ បានបង្កឱ្យភូមិបឹងជង្រុកទទួលរងការជន់លិចផ្ទះប្រជាពលរដ្ឋប្រមាណ ៦៨០ខ្នងផ្ទះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ដោយប៉ុន្មាន ថ្ងៃនេះ កម្ពុជាបាននិងកំពុងបន្តទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប បង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ ទឹកភ្លៀង។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ ផ្សេងៗជាយថាហេតុ។IMG_20210921_185042_281

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការ ឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសម្ដៅកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោតជាអាទិភាពខ្ពស់ លេីអាយុជីវិតមនុស្ស។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសរសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែក ទាំងអស់ក្នុងមូលដ្ឋាន ដែលបានអនុវត្តផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់ តាមសារាចរណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍បឹងជង្រុក តេជោឈ្នះឈ្នះនេះ បានរងការជន់លិចអស់រយៈពេលជាច្រើនថ្ងៃមកហើយៗ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យទីប្រឹក្សារបស់សម្តេច គឺ ឯកឧត្ដម ប៉ាន់ ខេមប៊ុនថន យកអំណោយជាស្បៀងអាហារ ទៅចែកជូនផងដែរ៕IMG_20210921_185049_154IMG_20210921_185051_075IMG_20210921_185053_532IMG_20210921_185058_052

Comments

Related posts