វេទិកាមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប នឹងបង្ហាញពីស្មារតីទំនាក់ទំនងវិស័យសិល្បៈនិងវប្បធម៌រវាងទ្វីបទំាង២

វិទ្យុជាតិកម្ពុជា ៖ កញ្ញា អ៊ី កនិកា

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា វេទិកាមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខនេះ នឹងប្រព្រឹត្តិទៅក្រោមប្រធានបទអាស៊ី-អឺរ៉ុបចំណងវប្បធម៌ដើម្បីបង្ហាញពីស្មារតីទំនាក់ទំនងវិស័យសិល្បៈនិងវប្បធម៌ ភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរបទពិសោធន៍ទៅវិញ ទៅមកនៃវប្បធម៌ប្រពៃណីរវាងទ្វីបទំាង២អាស៊ីនិងអឺរ៉ុប។ 
photo_2021-09-21_10-31-22
ឯកឧត្ដម គឹម  ពីនន់ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា  ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានត្រៀមលក្ខណៈចប់សព្វគ្រប់រួចរាល់អស់ហើយ សម្រាប់ដំណើរការ មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប នេះ ដោយមានការសម្តែងរបាំ បុរាណ របាំប្រពៃណី របាំសហសម័យ ល្ខោន តន្ត្រី ការបញ្ចាំងខ្សែភាពយន្តខ្នាតវែងនិងខ្សែភាពយន្តឯកសារ និង មានការតាំងពិព័រណ៍ ដូចជា គំនូរ រូបថត វត្ថុសិល្បៈ ដែលប្រារព្ធធ្វើឡើង នៅសារៈមន្ទីរជាតិដើម្បីអបអរ សាទរក្នុងព្រឹត្តិការណ៍អមរបស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១។  ឯកឧត្តមបានបន្តថា  មកដល់ពេលនេះមានប្រទេសជាសមាជិកជាច្រើនបានឆ្លើយតបចូលរួមក្នុងកិច្ចសហការ មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបនេះ មានប្រទេស អូស្រ្តាលី. បារាំង. អ៊ីតាលី.  រុស្សី. ជប៉ុន. សិង្ហបុរី. ចិន . ថៃ . វៀតណាម ឆេកនិងប្រទេសជាច្រើនទៀត ដោយបានផ្ញើ វីដេអូឯកសារ ដើម្បីផ្សព្វផ្សាយនៅក្នុងកម្មវិធីបុណ្យវប្បធម៌អាស៊ី-អឺរ៉ុប ដើម្បីលើកកម្ពស់ក្នុងការផ្សព្វផ្សាយការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកនៃវប្បធម៌ប្រពៃណីអាស៊ី- អឺរ៉ុប។ 
សំឡេង៖« មហោស្រពអាស៊ី-អឺរ៉ុបនេះក្រសួងវប្បធម៌វិចិត្រសិល្បៈកម្ពុជាយើង បានសហការជាមួយសហភាពអឺរ៉ុប និងមូលធិអាស៊ី-អឺរ៉ុប។ មូលបទរបស់មហោស្រពយើងលើកកម្ពស់ជាដៃគូអាស៊ី-អឺរ៉ុប តាមរយៈសិល្បៈនិងវប្បធម៌ បង្ហាញពីស្មារតី ជំរុញផ្សារភ្ជាប់ ទំនាក់ទំនងប្រជាជន រវាងអាស៊ី-អឺរ៉ុបក្នុងវិស័យសិល្បៈនិងវប្បធម៌ដោយបង្កើនភាពជាដៃគូ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អ៊ីចឹងតាមរយៈមហោស្រពនេះ យើងអាចមានការរំពឹងនឹងធ្វើឱ្យមានសាមគ្គីភាពរវាងបណ្តាប្រទេសជាសមាជិកកាន់តែរឹងមាំបន្ថែមទៀត »។ 
ឯកឧត្តមបានបញ្ជាក់ថា  តាមរយៈវេទិកានៃបុណ្យវប្បធម៌អាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះនេះពិតជាមានសារសំខាន់ណាស់ ដោយបានផ្សព្វផ្សាយពីវិស័យវប្បធម៌ទេសចរណ៍ដ៏សំខាន់ៗរបស់កម្ពុជាទៅ បណ្តាប្រទេសជាសមាជិកបានស្វែងយល់កាន់តែច្បាស់ ដែលជួយលើកកម្ពស់វិស័យទេសចរណ៍និងការ វិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថា មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបគឺជាព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលនឹងត្រូវធ្វើឡើងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃ ទី ២២ ដល់ ថ្ងៃទី២៦ ខែ វិច្ឆិកា ២០២១៕

Comments

Related posts