ពិធីបុណ្យកាន់បិណ្ឌវេណទី១នេះ តាមទីវត្តអារាមនានាក្នុងខេត្តបាត់ដំបងជិត៤០០វត្ត ដំណើរការធម្មតា

 

វិទ្យុជាតិកម្ពុជា ៖ លោកភី សុខ

       បាត់ដំបង ៖ នៅទីតាមទីវត្តអារាមនានាក្នុងខេត្តបាត់ដំបង បានប្រារព្ធពិធីបុណ្យកាន់បិណ្ណ ភ្ជំបិណ្ឌ គ្រប់វត្ត និងមានពុទ្ធបរិស័ទ តាមភូមិឃុំ យកចង្ហាន់និងទេយ្យទាន មកប្រគេនព្រះសង្ឃ តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ។

ថ្ងៃនេះជាថ្ងៃបិណ្ឌទី១ នៃពិធីបុណ្យភ្ជំបិណ្ឌ បើពិនិត្យមើលតាមទីវត្តអារាមមួយចំនួននៅក្រុងបាត់ដំបង ឆ្នាំនេះ ហាក់មានសភាពស្ងប់ស្ងាត់ បើប្រៀបធៀបនាពេលដែល ប្រទេសកម្ពុជាមិនទាន់ប្រឈមនឹងជំងឺកូវីដ១៩ ។

ព្រះសង្សនិងគណៈកម្មការវត្តស្វាយធំ ឲ្យដឹងថាចំនួនពុទ្ធបរិស័ទយកចង្ហាន់មកប្រគេនព្រះសង្ឃវេនទី១នេះ រាងស្ងាត់បន្តិច ដោយ ពុទ្ធបរិស័ទ គ្រាន់តែយកចង្ហាន់មកប្រគេនព្រះសង្ឃហើយត្រឡប់ទៅវិញភ្លាម គឺមិននៅយូរនោះទេ។

លោក គុណ សម្បត្តិមន្នីរ័ត្ន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបង បានឲ្យដឹងថា ថ្ងៃបិណ្ឌ១នេះ ស្ថានភាពពុទ្ធបរិស័ទគ្រប់វត្ត ទូទាំងខេត្ត៣៨៤វត្ត មានសភាពស្ងប់ស្ងាត់ មិនសូវអ៊ូអរ កកកុញនោះទេ ។ លោកកត់សម្គាល់ថា វេនបន្ទាប់នឹងមានពុទ្ធបរិស័ទមកច្រើន ។ លោកប្រធានមន្ទីរសង្កេតឃើញថាពុទ្ធបរិស័ទ មានការយល់ដឹងច្រើនពីវិធានការ នានា របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩ ដោយម្នាក់ៗ អនុវត្តការពាក់ម៉ាស់គ្រប់គ្នា ខ្លះមានអាល់កុលឬជែលតាមខ្លួន និង បានរក្សាគម្លាតត្រឹមត្រូវផងដែរ ។ IMG_20210922_112120_391

លោកប្រធានមន្ទីរធម្មការខេត្តបានឲ្យដឹងថា លោក ណែនាំតាមបណ្តាទីវត្តអារាមត្រូវអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស់ ធ្វើការវាស់កម្ដៅ រក្សា អនាម័យ លាងដៃនឹងសាប៊ូនិងអាល់កុល និងរក្សាគម្លាត ពិសេសអនុវត្ត វិធានការបីកុំបីការពារ របស់រាជរដ្ឋាភិបាល ព្រមទាំងសម្អាតបរិស្ថានជុំវិញវត្ត និង មានផ្កាភ្ញី លម្អផងដែរ ។ លោកបញ្ជាក់ថា ព្រឹកថ្ងៃ បិណ្ឌ១នេះ ឃើញតាមទីវត្ត អារាមបានចូលរួមអនុវត្តវិធានការសុខាភិបាលបានល្អ តាមការណែនាំ ដើម្បីចូលរួមកាត់ផ្តាច់និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។IMG_20210922_112125_845

បុណ្យភ្ជំបិណ្ឌជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដ័សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗ រូប។ ពិធីបុណ្យ នេះប្រារព្ធឡើងដើម្បីឧទ្ទិស កុសល ជូនវិញ្ញាណខ័ន្ឌនៃអ្នកមានគុណទាំងឡាយ មានមាតាបិតាជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និង បងប្អូនរួមជាតិ ដែលបាន លាចាកលោកនេះទៅលោកខាងមុខ។ ម្យ៉ាងទៀតក៏ជាឱកាសល្អសម្រាប់ជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សារលាហិត ដែលរស់នៅ ទីផ្សេងគ្នា ស្វែងយល់ពីសុខទុក្ខ និងដំណើរប្រព្រឹត្តិទៅនៃជីវភាពរស់នៅប្រចាំថ្ងៃ រវាងគ្នានិងគ្នា ទៅវិញទៅមក ព្រមទាំងបង្កើនបាននូវ សាមគ្គីភាពដ៏ទូលំទូលាយផង ។

ពិធីបុណ្យកាន់បិណ្ឌនិងភ្ជំបិណ្ឌ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃពុធ ១រោច ខែភក្របទ ឆ្នាំ ឆ្លូវត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ខែកញ្ញា រហូតដល់ថ្ងៃពុធ១៥រោច ខែភក្របទ ឆ្នាំ ឆ្លូវត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ខែតុលា ឆ្នាំ ២០២១ ដែលជាថ្ងៃបុណ្យភ្ជំបិណ្ឌ ៕IMG_20210922_112128_179IMG_20210922_112137_628IMG_20210922_112135_084

Comments

Related posts