ប្រជាពលរដ្ឋ៤០គ្រួសារចូលរួមសាកល្បងដាំស្រូវមិត្តក្រៀល ក្នុងស្រុកកំពង់ត្រាចខេត្តកំពត

 

វិទ្យុជាតិកម្ពុជា ៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី ខែតុលា ឆ្នាំ២០២១

                MC : ប្រជាពលរដ្ឋ៤០គ្រួសារបានចូលរួមសាកល្បងដាំស្រូវមិត្តក្រៀល ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីជួយសម្រួល ដល់ជីវភាពបងប្អូនកសិករនៅតំបន់នោះ និងជួយអភិរក្សដល់សត្វព្រៃផងដែរ ។ 

លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជា បានឲ្យដឹងថា ទាក់ទង់នឹងគម្រោងដាំស្រូវមិត្តក្រៀលនេះ គឺផ្តើមចេញ ពីខេត្តរតន:គិរី ហើយបន្តមកអនុវត្តនៅខេត្តកំពតវិញម្តង ដែលស្ថិតនៅសហគមន៍ក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ព្រោះជាតំបន់ ដីសើម ដែលសត្វក្រៀលតែងតែចំណាយពេលពី៥ទៅ៦ខែ ក្នុងរដូវកាលពងកូន មករកចំណីក្នុងទីតាំងនេះ ។  

លោកបានបន្តថា ស្រូវមិត្តក្រៀល គឺជាកសិផលដែលគិតគូរពីប្រព័ន្ធអេកូឡូស៊ី ជាប្រភពចំណីបន្ថែមដល់សត្វក្រៀល និងជាអង្ករសុវត្ថិភាព ដល់មនុស្ស ។ គម្រោងស្រូវមិត្តក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីងនេះ បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា , ក្រសួងបរិស្ថាន, អង្គការBirdLife និងអង្គការក្រុមការងារអភិវឌ្ឍន៍ជនបទកម្ពុជា, ហើយក៏មានការជួយឧបត្ថមថវិកា ដល់សកម្មភាពនេះ តាមរយ:មូលនិធិ KNCFផងដែរ ។

សំឡេង « ចឹងជាផលប្រយោជន៍ដែលបងប្អូនទទួលបានពីគម្រោងវិញ ទី១គាត់ទទួលបានការបណ្តុះបណ្តាល ពីផ្នែកជំនាញកសិកម្ម ពីអង្គការដៃគូរបស់យើងដោយមិនគិតថ្លៃ ទី២ទទួលបានប្រភេទជីដើម្បីកាត់បន្ថយជីគីមី ទី៣ពួកគាត់នឹងទទួលបានពូជស្រូវ ដែលសត្វ ក្រៀលចូលចិត្តស៊ី ហើយបើសិនជាគោរពតាមគោលការណ៍ទាំង១២របស់យើង យើងនឹងជួយរកទីផ្សារសម្រាប់ស្រូវដែលប្រជាកសិករ ផលិតបាន ធ្វើម៉េចឲ្យលក់បាននៅក្នុងតម្លៃថ្លៃ ប៉ុន្តែក្នុងឆ្នាំទី១នេះយើងទទួលបានផលប្រយោជន៍ប៉ុណ្ណឹងសិន » ។

លោកបានបន្ថែមថា មកដល់ពេលនេះ មានកសិករចំនួនប្រមាណជា៤០គ្រួសារហើយ បានស្ម័គ្រចិត្តចូលរួមផលិតស្រូវមិត្តក្រៀល ដែលមាន១២លក្ខណៈវិនិច្ឆ័យ ហើយក៏ជាឆ្នាំដំបូងសម្រាប់សហគមន៍នៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ហើយសង្ឃឹមថា នឹងមានកសិករច្រើនទៀត ចូលរួមដើម្បីទាញយកអត្ថប្រយោជន៍ ដែលទទួលបានពីកម្មវិធីនេះ ។ លោកបានបញ្ជាក់ថា សត្វក្រៀល គឺជាប្រភេទសត្វស្លាបមួយ ដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជា ប្រភេទសត្វស្លាបងាយរងគ្រោះ ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិហៅកាត់ (IUCN) ។ 

លោកបានបញ្ជាក់បន្ថែមថា ក្រុមកសិករក៏ត្រូវរួមគ្នាគោរពលក្ខខណ្ឌ មិនបរបាញ់ មិនដាក់អន្ទាក់ ឬប្រើថ្នាំពុល ដើម្បីចាប់សត្វស្លាប មិនពង្រីកដីដំណាំរបស់ខ្លួន លើតំបន់អភិរក្ស និងជាស្រូវសរីរាង្គ មិនអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំពុល កសិកម្ម និងជីគីមីឡើយ ។

សូមបញ្ជាក់ថា គម្រោងស្រូវមិត្តក្រៀល នឹងដាក់ឲ្យកសិករដាំជាប្រភេទពូជស្រូវប្រចាំតំបន់ និងជាពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ី ៕IMG_20211014_055257_472

Comments

Related posts