វិទ្យុជាតិកម្ពុជា ៖ លោក អេង យូ
សៀមរាប ៖ សាលាកម្រិតមធ្យមសិក្សាចំនួន៤៤សាលា និងសាលារៀនកម្រិតបឋមសិក្សាចំនួន១២៩សាលា នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្ត សៀមរាប ត្រូវបានបើកដំណើរ ការសិក្សាសាកល្បង ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ។
លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត សៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ថា វិស័យអប់រំគឺជាថ្នាល បណ្តុះបណ្តាលធនធាន មនុស្សប្រកបដោយគុណភាពមួយ ដែលត្រូវយកចិត្តទុក ដាក់ខ្ពស់ បន្ទាប់ពីបានផ្អាកដំណើរការសិក្សារយៈកន្លង មកនេះ ដោយសារការរាត ត្បាតនៃជំងឺកូវីដ១៩។ ក្នុងនោះខេត្តសៀមរាប បានបើក ឱ្យដំណើរការសិក្សាសាក ល្បង សាលាកម្រិតមធ្យមសិក្សាចំនួន៤៤សាលា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះ និងសាលាកម្រិតបឋម សិក្សាចំនួន ១២៩សាលា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ ដោយសាលារៀនទាំងនេះ ស្ថិតនៅក្នុងចំណុះ នៃរដ្ឋបាលស្រុកទាំង៨ ដែលបានដាក់ពាក្យស្នើសុំកន្លង មក។
លោកបន្តថា សម្រាប់ការបើកដំណើរការសាលារៀនសាកល្បងនាពេលនេះ ត្រូវបានអនុវត្តការរៀន និងរៀនតាមបណ្តុំ ដូច្នេះការរៀបចំថ្នាក់រៀន មិនឱ្យមានសិស្សលើសពី១៥នាក់ឡើយ និងការអនុវត្តគោលការណ៍ប្រតិ បត្តិស្តង់ដារ ដែលបានដាក់ ចេញដោយក្រសួងអប់រំ យុវជន និងកីឡា វិធានការ៣ ការពារ និង៣កុំ ការណែនាំរបស់ក្រសួងសុខាភិបាល រួមទាំងការណែនាំថ្មីៗរបស់ក្រសួង ដូចជា៖ ការពិនិត្យប័ណ្ណចាក់វ៉ាក់សាំងរបស់សិស្ស និងបុគ្គលិកអប់រំ និងការធ្វើបច្ចុប្បន្នភាពគណៈកម្មការសុខភាពនៅតាមសាលារៀននីមួយៗ។
សំឡេង៖ថ្ងៃនេះយើងបើកគ្រឹះ ស្ថានមធ្យមសិក្សា បានន័យថាទាំងអនុវិទ្យាល័យ ទាំងវិទ្យាល័យ ដែលបានដាក់ ពាក្យស្នើសុំ ដែលគណៈកម្ម ការបានពិនិត្យនិងឯកភាព ចំនួន៤៤គ្រឹះស្ថានសិក្សា ហើយនៅថ្ងៃទី២០ ខែតុលា ខានស្អែក យើងនឹងដំណើរ ការគ្រឹះស្ថានសិក្សាកម្រិតបឋមសិក្សាចំនួន១២៩ លើ៥១៤សាលា ភាគច្រើនអនុវត្តសាកល្បងលើថ្នាក់ទី៤ ទី៥ ទី៦ និងកន្លែងខ្លះសិស្សតិចគេអាចអនុវត្តគ្រប់កម្រិតតែម្តង បើយើងគិតភាគរយទៅ ដំណើរការមធ្យមសិក្សា បានប្រមាណ៣៥ភាគរយ និងបឋមសិក្សាគ្រោងបើកនឹងប្រមាណ២៥ភាគរយ ការ ពិនិត្យលទ្ធភាពតាមដំណាក់ៗ យើងរៀបចំការរៀន និងរៀនតាមបណ្តុំ ការរៀបចំថ្នាក់មិនឱ្យលើសពី១៥នាក់ទេ តែជា គោលការណ៍យើងមានការត្រៀមលក្ខណៈជាមុនហើយ យើងធ្លាប់ទទួលការណែនាំពីមុនរួចហើយ យើងត្រូវតែគោរពតាមគោលការណ៍ប្រតិបត្តិស្តងដារ របស់ក្រសួង និងគោលការណ៍ណែនាំថ្មីៗ ឬលក្ខខណ្ឌគាំទ្រមួយចំនួន តាំងពីការងារចាក់វ៉ាក់សាំង យើងត្រួតពិនិត្យសិស្សនិងបុគ្គលិក អប់រំ ហ្នឹងយើងដាក់ បញ្ជូលថ្មីៗ។
សូមជម្រាបជូនថា នៅខេត្ត សៀមរាប មានសាលារៀនសាធារណៈ ចំនួនប្រមាណជាង៦០០សាលា រួមមាន៖ មត្តេយ្យសិក្សាចំនួន១៩ សាលាបឋមសិក្សា ៥១៤ សាលា អនុវិទ្យាល័យ៨២ សាលា និងវិទ្យាល័យចំនួន ៤១សាលា និងគ្រឹះស្ថាន សិក្សាឯកជនចំនួនប្រមាណ ៦០សាលារៀន។ក្នុងនោះ សាលារៀនដែលត្រូវបានបើកដំណើរការសិក្សាសាកល្បង មានចំនួន១៧៣សាលារៀនប៉ុណ្ណោះ ដែលស្ថិតនៅក្នុងចំណុះនៃរដ្ឋបាលស្រុកទាំង៨ ដែលបានដាក់ពាក្យស្នើសុំកន្លងមករួមមាន ៖ ១.ស្រុកបន្ទាយស្រី , ២.ស្រុកស្វាយ លើ , ៣. ស្រុកសូទ្រនិគម , ៤. ស្រុកប្រាសាទបាគង , ៥. ស្រុកស្រីស្នំ , ៦. ស្រុកវ៉ារិន , ៧. ស្រុកអង្គរធំ និង ៨. ស្រុកក្រឡាញ់។ ចំណែកសាលា រៀន ដែលនៅមិនទាន់បើកដំណើរការសិក្សា មន្ទីរអប់រំយុវជននិងកីឡាខេត្ត នឹងពិនិត្យលទ្ធភាពទៅតាមស្ថានភាពជាក់ស្តែង ដើម្បីអនុញ្ញាតឱ្យបើកដំណើរនៅ ពេលជាបន្តបន្ទាប់៕
Comments