ទោះបីមានការកែច្នៃស្រែអំបិលជារមណីយដ្ឋានទេសចរណ៍ ប៉ុន្តែពុំមានការប៉ះពាល់ដល់ការផលិតអំបិលឡើយ

 

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ១៨ តុលា ២០២១

               MC ៖ ប្រធានមន្ទីរឧស្សាហកម្ម បានអះអាងថា ការកែច្នៃរមណីយដ្ឋានទេសចរណ៍នៅតំបន់ស្រែអំបិលក្នុងខេត្តកំពត មិនមានការ ប៉ះពាល់ដល់ការផលិតអំបិលនោះទេ ប៉ុន្ដែអាចជួយបន្ថែមចំណូលដល់ប្រជាកសិករនៅតំបន់នោះបានមួយកម្រិតទៀត។

 

លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានប្រាប់វិទ្យុជាតិកម្ពុជាថា ឃ្លាំងស្តុកអំបិលនិងស្រែមួយចំនួន បានកែប្រែទៅជារមណីយដ្ឋានបម្រើសេវាកម្មទេសចរណ៍ រួមមានហាងកាហ្វេ ភោជនីយដ្ឋាន ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ ដែលចូលចិត្តទៅទស្សនាស្រែអំបិល និងសកម្មភាពផលិតអំបិលរបស់ប្រជាកសិករ។

លោកបញ្ជាក់ថា ទោះបីជាមានការបំប្លែងទៅជារមណីយដ្ឋានក្តី ក៏មិនមានការប៉ះពាល់ដល់ការផលិតអំបិល ឬកង្វះអំបិលសម្រាប់បរិភោគ នោះទេ ព្រោះដីស្រែអំបិលជាប្រភេទដី ដែលមិនអាចកែប្រែពីស្រែអំបិលទៅជាំលំនៅឋានបានដែរ ដោយច្បាប់បានអនុញ្ញាតឱ្យកែប្រែ ត្រឹម២០ភាគរយប៉ុណ្ណោះ ដូច្នេះការប្រែដីស្រែអំបិល ទៅជារមណីយដ្ឋាន មិនអាចបានច្រើននោះទេ។

សំឡេង៖« ភោជនីយដ្ឋានដែលគាត់បើកហ្នឹង គឺបានបង្កើនជីវភាពរបស់គាត់ ហើយការផលិតអំបិលក៏នៅតែដំណើរការបានល្អ។ ការយកដីទៅធ្វើការអភិវឌ្ឍន៍ក៏បានដោះស្រាយជីវភាពជូនពួកគាត់ក្រៅពីមុខរបរស្រែអំបិលគាត់មានមុខរបរផ្សេងក្រៅពីស្រែអំបិលហ្នឹង។ ឧទាហរណ៍ថាមួយឆ្នាំធ្វើស្រែអំបិលគឺធ្វើបានរយៈពេល៥ទៅ៦ខែប៉ុណ្ណោះទេ អ៊ីចឹងកម្មករក្នុងរយៈពេល ៦ខែទៅគាត់មិនមានការងារធ្វើទេ ដែលយូរៗទៅគាត់នឹងបាត់បង់ពលកម្ម។ បើបានរាជរដ្ឋាភិបាលមានគោលការណ៍កាត់២០% គាត់អាចធ្វើអ្វីក្រៅពីធ្វើស្រែអំបិល ហើយកម្មករនោះអាចធ្វើជាប់លាប់ជាមួយគាត់បានពេញមួយឆ្នាំ»។

លោក ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត ក៏បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ សូមបន្ដចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងបន្ថែមលើការអនុវត្តន៍អនាម័យបរិស្ថាន ឲ្យបានល្អ កុំឲ្យមានការប៉ះពាល់ ដល់ការផលិតអំបិល៕IMG_20211018_213958_717IMG_20211018_214000_738IMG_20211018_214015_224IMG_20211018_214025_717

Comments

Related posts