សហគ្រិនស្រ្តីខ្មែរមួយរូប ចេះផលិតឱសថដោយច្នៃចេញពីរុក្ខជាតិធម្មជាតិសម្រាប់ព្យាបាលជំងឺ

 

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ម៉ៅ សុខរីម ១៨,១០,២០២១

               MC ៖ សហគ្រិនស្រ្តីខ្មែរមួយរូបបានផលិតអាហារសុខភាព និង ឱសថ ដោយកែច្នៃចេញពីរុក្ខជាតិធម្មជាតិ ដាំនៅកម្ពុជា សម្រាប់ព្យាបាលជំងឺក្អក ផ្ដាសាយ រលាកសួតរ៉ាំរ៉ៃជាដើម។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖

លោកស្រី ខន សុខចាន់ ជាសហគ្រិនស្រ្តីខ្មែរ ដែលបានផលិតអាហារសុខភាព និងឱសថ ដោយកែច្នៃចេញពីរុក្ខជាតិធម្មជាតិ សម្រាប់ ព្យាបាលជំងឺ ស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានសិក្សាស្វែងយល់ ពីបច្ចេកទេសក្នុងការកែច្នៃរុក្ខជាតិធម្មជាតិទៅជាឱសថនេះ រយៈពេល១ឆ្នាំជាងមកហើយ សម្រាប់ជួយព្យាបាលជំងឺក្អក ផ្ដាសាយ និង រលាកសួតរ៉ាំរ៉ៃ ជាពិសេសគឺជួយលើកស្ទួយ វិស័យកសិកម្មក្នុងស្រុកផងដែរ។ 

លោកស្រីបានបន្តថា សម្រាប់អាហារសុខភាព និង ឱសថដែលលោស្រីបានផលិត គឺច្នៃចេញពីរុក្ខជាតិធម្មជាតិ ដែលនៅក្នុងស្រុករួមមាន៖ ម្រុំ ខ្ញី ខ្ជាយ រមៀត រំដេង និងរុក្ខជាតិខ្មែរជាច្រើនមុខទៀត ដើម្បីយកមកចម្រាញ់ធ្វើជាឱសថធម្មជាតិ សម្រាប់ជួយព្យាបាលជំងឺ និងកាត់ បន្ថយការចំណាយរបស់ពលរដ្ឋ ព្រមទាំងបានជួយលើកស្ទួយវិស័យកសិកម្មផ្នែកដាំដុះរុក្ខជាតិធម្មជាតិ។

លោកស្រីបានបន្ថែមទៀតថា សម្រាប់អាហារសុខភាព និង ឱសថដែលលោកស្រីផលិតទាំងអស់ គឺបានសិក្សានិងស្រាវជ្រាវច្បាស់លាស់ និងមានការចុះបញ្ជីការអនុញាតឲ្យប្រើប្រាស់ពីក្រសួងសុខាភិបាល។

លោកស្រីបញ្ជាក់ថា ការសម្រេចបង្កើតសិប្បកម្មនេះឡើងដោយសង្កេតឃើញតាមបណ្តាប្រទេសជឿនលឿនមួយចំនួន បានយកចិត្តទុក ដាក់ខ្ពស់ ទៅលើការកែច្នៃរុក្ខជាតិផ្សេងៗ ទៅជាអាហារសុខភាពផង និង ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនប្រភេទផង ជាពិសេស នៅពេលបច្ចុប្បន្ននេះមានកំណើនប្រជាកសិករជាច្រើនបានចំណាយខ្ពស់ ទៅលើការប្រើប្រាស់អាហារសុខភាព ក៏ដូចជាឱសថនាំចូលពី ក្រៅប្រទេស និងដោយសារមានទឹកចិត្តស្រឡាញ់ជាតិផងនោះ ទើបលោកស្រីបង្កើតវាឡើង ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការ ចំណាយខ្ពស់របស់ប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជា ។

សំឡេង« បងបង្កើតសិប្បកម្មហ្នឹងក្នុងគោលបំណង ផលិតនូវអាហារសុខភាពខ្មែរយើង ដែលផ្សំពីពពួករុក្ខជាតិដែលមាននៅក្នុងស្រុក ដូចជាសម្រាប់សុខភាពទូទៅ ប៉ុន្តែដោយសារសម័យកូវីដ បងក៏ស្រាវជ្រាវបន្ថែមទៀត ហើយក៏ផលិតជាស្លឹករុក្ខជាតិ សម្រាប់ក្អក ផ្ដាសាយ រលាកសួតររ៉ាំរ៉ៃ ហើយសម្រាប់ប្រសិទ្ធភាពឃើញថាអ៊ុំពូមីងគឺបានទទួលស្គាល់ឃើញថាពូកែ»។

លោកស្រីបានអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យ ចូលរួមជួយគាំទ្រផលិតផលខ្មែរ ដែលខ្មែរយើង ផលិតបាន ដើម្បីជាការលើកទឹកចិត្តដល់ សហគ្រិនដ៏ទៃទៀត ឲ្យចូលរួមផលិតនិងកែច្នៃបន្ថែមទៀត ។

   សូមបញ្ជាក់ថា សិប្បកម្មហ្គោលឌិនអេច បានបង្កើតឡើងនៅឆ្នាំ២០២០ ដែលបច្ចុប្បន្នបានកែច្នៃផលិតជាឱសថរួមមាន៖ ទឹករុក្ខជាតិខ្ញី អាហាររុក្ខជាតិរមៀតមាស និងទឹករុក្ខជាតិខេខេណេតឈើ ៕IMG_20211018_214318_344IMG_20211018_214331_595IMG_20211018_214336_120IMG_20211018_214339_011

Comments

Related posts