រដ្ឋមន្រ្ដីក្រសួងការងារ អំពាវ នាវយុវជន និងម្ចាស់ក្រុមហ៊ុនចូលរួមក្នុងពិព័រណ៍ការងារអនឡាញ ដែលរៀបចំឡើង នៅថ្ងៃទី ០៤-០៥ ខែវិច្ឆិកាខាងមុខនេះ

វិទ្យុជាតិកម្ពុជា ៖ លោក ជួន បូណា 
ភ្នំពេញ ៖ រដ្ឋមន្រ្ដីក្រសួងការងារ បានអំពាវនាវយុវជននិងម្ចាស់ក្រុមហ៊ុនចូលរួមស្វែងរកការ ងារ  និងរើសកម្លាំងពលកម្មក្នុងពិព័រណ៍ការងារអនឡាញ ដែលរៀបចំឡើង នៅថ្ងៃទី ០៤-០៥ ខែវិច្ឆិកាខាងមុខនេះ ដើម្បីផ្ដល់ឱកាសជូនយុវជនមិនទាន់មានការងារ និងចង់ប្ដូរការងារក្នុងបរិបទការងារតាមគន្លងថ្មីនៃការរីករាល ដាលជំងឺកូវីដ-១៩ ។  
    ក្នុងឱកាសអនុញ្ញាតឱ្យក្រុម ការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ចូលថតវីដេអូ ថ្លែងសុន្ទរកថា ក្នុងពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ ដែលនឹងត្រូវរៀប ចំធ្វើឡើងតាមប្រព័ន្ធអនឡាញ នៅលើគេហទំព័រ www.careerfair.nea.gov.kh រយៈពេល ០២ ថ្ងៃ គឺថ្ងៃទី ០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នៅព្រឹកថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មាន ប្រសាសន៍ថា  ពិព័រណ៍ការងារអនឡាញនេះ នឹងត្រូវបានរៀបចំឡើងក្នុងគោលដៅផ្ដល់នូវជម្រើសដែលមានភាពបត់ បែនកាន់តែងាយស្រួល ព្រម ទាំងបង្ការនូវសុវត្ថិភាព សុខ ភាព និងអនាម័យ ពីជំងឺកូវីដ-១៩ ស្របពេលដែលទីផ្សារការងារកម្ពុជាកំពុងមានសន្ទុះតម្រូវការកម្លាំងពលកម្មឡើងវិញនៅតាមវិស័យមួយចំនួន ជាពិសេសជួយគាំទ្រដល់យុវជន និងអ្នកស្វែងរកការងារអាចដាក់ពាក្យ និងសម្ភាសជាមួយក្រុមហ៊ុនតាមអនឡាញ។

photo_2021-10-20_14-36-25 (2)
    ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១នេះ  នឹងមានរួម បញ្ជូលសិក្ខាសាលាផលិត ភាពតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលត្រូវបានរៀបចំ ឡើង ក្នុងគោលបំណងចែក រំលែកចំណេះដឹង បទពិសោធ ន៍ គន្លឹះសំខាន់ៗ និងផ្សព្វ ផ្សាយលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃការបង្កើនផលិតភាពការងារ និងបង្ហាញពីការវិវត្តបច្ចេកវិទ្យាថ្មីៗ ដែលប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ប្រើប្រាស់ ដើម្បីគ្រប់គ្រងការងារ និងខ្សែសង្វាក់ផលិតកម្ម ជាពិសេសបំផុសស្មារតី និងពង្រីកប្រសិទ្ធភាពការងារក្នុងបរិបទការងារតាមគន្លងថ្មីនៃការរីករាលដាលជំងឺកូវីដ-១៩ ។  
   ឯកឧត្តមបន្ថែមថា នៅក្នុងពិព័រណ៍អនឡាញនេះ នឹងមានក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ៨០ ដែលក្នុងនោះមានព័ត៌មានជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ១១ ៥០០ កន្លែង។ ជាការរំពឹងទុក អ្នកចូលរួមទស្សនា មានចំនួន ៥៤ ៥០០នាក់ ដែលមានអ្នកស្វែងរកការងារ (CVs) ប្រមាណជា ៤០០០ នាក់។ 

photo_2021-10-20_14-36-25
  គួរបញ្ជាក់ជូនដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ នឹងត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) និងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ, សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងមានការចូលរួមគ្រាំទ្រពីក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងអង្គការជាតិ-អន្ដរជាតិ៕

Comments

Related posts