អភិបាលខេត្តបាត់ដំបងថ្មី ជំរុញឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមគ្នាទប់ស្កាត់អ្នកឆ្លងដែនទៅថៃខុសច្បាប់ 

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ
បាត់ដំបង ៖ ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបងដែលទើបតែតែងតំាងថ្មី បានជំរុញដល់សមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាទប់ស្កាត់ពលរដ្ឋកុំឱ្យឆ្លងដែនខុសច្បាប់ទៅថៃ តាមរយៈការអូសទាញពីពួកមេខ្យល់ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។
    ក្នុងកិច្ចប្រជុំគណៈបញ្ជាការរដ្ឋបាលខេត្តបាត់ដំបង កាល ពីពេលថ្មីនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ពលរដ្ឋដែលបម្រុងឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃតែងតែកើត មានក្នុងភូមិសាស្ត្រខេត្តបាត់ ដំបងដូចជា ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅ លូន ជាដើម។ ឯកឧត្តម អំពាវ នាវដល់អាជ្ញាធរនៃរដ្ឋបាលក្រុងស្រុកពាក់ព័ន្ធក្នុងខេត្តទាំងអស់ត្រូវមានវិធានការ ទប់ស្កាត់ឱ្យបាននូវលំហូរនៃការលួចឆ្លងដែនខុសច្បាប់ទៅថៃ ជាពិសេសត្រូវវែកមុខបក្ខ ពួកក្រុមមេខ្យល់ដែលតែងនាំពលករឆ្លងដែនខុសច្បាប់ឱ្យបាន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ 

photo_2021-10-20_14-58-36
    តាមរបាយការណ៍បូកសរុបរបស់គណៈបញ្ជាការដ្ឋានឯក ភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែកញ្ញាឆ្នាំនេះបង្ហាញថា តាមរយៈកិច្ចប្រតិបត្តិការរក្សាសន្តិសុខព្រំដែន សមត្ថកិច្ច បានទប់ស្កាត់ប្រជាពលរដ្ឋដែលបម្រុងឆ្លងដែនខុសច្បាប់បានចំនួន ១៩ លើក ដោយ មានមនុស្សចំនួន ១៩៨ នាក់ (ស្ត្រី ៦៥ នាក់) ជាអនីតិជន ២៨ នាក់។ ជាមួយគ្នានេះ ខាងសមត្ថកិច្ចថៃ ក៏ធ្លាប់បានចាប់បញ្ជូនពលករខ្មែរដែលឆ្លងដែនខុសច្បាប់ឱ្យត្រឡប់ មកវិញចំនួន ៧៨ លើកដែលមានមនុស្សចំនួន ១ ២៤៥ នាក់ក្នុងនោះជាស្ត្រី ៤៧៧ នាក់ និងអនីតិជនចំនួន ២៤ នាក់ផងដែរ៕

Comments

Related posts