របបយោធាមីយ៉ាន់ម៉ានិយាយថា របាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាការ "ញុះញង់ឱ្យមានអំពើហិង្សា"

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ របបយោធាមីយ៉ាន់ ម៉ាកាលពីថ្ងៃទី ២៤ខែ តុលា បានចាត់ទុករបាយការណ៍សិទ្ធិមនុស្សចុងក្រោយបង្អស់របស់អង្គការសហប្រជាជាតិស្តីពីប្រទេសដែលរុំព័ទ្ធដោយជម្លោះថា ជា “ការញុះញង់ឱ្យមានអំពើហឹង្សា” ហើយបានចោទប្រកាន់ស្ថាប័ននេះថាបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា។ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ដោយមានមនុស្សជាង ១,១០០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបលើអ្នកប្រឆាំង នេះបើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់។ កាលពីថ្ងៃសុក្រ អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនមានការភ័យខ្លាចចំពោះមហន្តរាយសិទ្ធិមនុស្សកាន់តែខ្លាំង ចំពេលមានរបាយការណ៍ថា ទាហានរាប់ម៉ឺន និងអាវុធធុនធ្ងន់កំពុងត្រូវបានផ្លាស់ប្តូរទៅកាន់តំបន់នៅភាគខាងជើង និងភាគពាយ័ព្យ។ រដ្ឋាភិបាលយោធាបានរិះគន់របាយការណ៍នេះកាលពីថ្ងៃអាទិត្យហើយចោទអង្គការសហប្រជាជាតិថាបានប្រើប្រាស់សិទ្ធិមនុស្សជាឧបករណ៍នយោបាយដើម្បីធ្វើអន្តរាគមន៍កិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។ ក្រសួងការបរទេសដែលតែងតាំងដោយរបបយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា របាយការណ៍នេះនឹង "នាំឱ្យមានការបែកបាក់បន្ថែមទៀតក្នុងចំណោមប្រទេសជាតិ និងការញុះញង់ឱ្យមានអំពើហិង្សាផ្ទៃក្នុង"។ 

កាលពីសប្តាហ៍មុន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចដកលោក Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូលនៃប្លុកប្រទេសទាំង១០នាពេលខាងមុខ ជុំវិញការសង្ស័យអំពីការប្តេជ្ញាចិត្តរបស់លោកក្នុងការលុបបំបាត់វិបត្តិបង្ហូរឈាម។ គេបានអំពាវនាវជំនួសឱ្យ “អ្នកតំណាងដែលមិនមែនជាអ្នកនយោបាយ” ដើម្បីចូលរួមកិច្ចប្រជុំកំពូលពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលាដែលរដ្ឋាភិបាលយោធាបាននិយាយថានឹងពិបាកអនុវត្តតាម។ អង់គ្លេសក៏បាននិយាយកាលពីសប្តាហ៍មុនថាខ្លួននឹងមិនអញ្ជើញរបបយោធាឱ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7-ASEAN នាពេលខាងមុខនោះទេ៕IMG_20211025_153029_033

Comments

Related posts