ត្រីគល់រាំងជានិមិត្តរូបមច្ឆជាតិកម្ពុជាដែលកំពុងបង្កើនកិច្ចគាំពារ

 

 

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី ខែតុលាឆ្នាំ២០២១

MC : ត្រីគល់រាំងជានិមិត្តរូបមច្ឆជាតិកម្ពុជាដែលកំពុងបង្កើនកិច្ចគាំពារ ខណៈវាគឺជាប្រភេទត្រីដ៏កម្រ និងជាប្រភេទត្រីប្រឈមនឹងការផុតពូជ ដែលទាមទារឱ្យមាន ការចូលរួមការពារ និងអភិរក្សឱ្យនៅគង់វង្សយូរអង្វែង ។

  តាមរយ:ផេកហ្វេកបុកផ្លូវការរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋ លេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា ត្រីគល់រាំង មានឈ្មោះផ្សេង ទៀតជាត្រីកាហោ ឬត្រីក្បាលឡាន ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរ ជាតិដើម្បីការអភិរក្សធម្មជាតិហៅកាត់ IUCN (Interna tional Union for Conser vation of Nature) ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES)ផងដែរ ។ 

   ឯកឧត្តមបន្តទៀតថា ត្រីគល់រាំងជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយក្នុងចំណោមត្រីធំៗបំផុតទាំង ០៣ប្រភេទ គឺទី១ ត្រីបបែលយក្ស ទី២ ត្រីរាជ និងទី៣ ត្រីគល់រាំង ។ ត្រីគល់រាំង មានប្រវត្តិយូរលង់ណាស់មកហើយទាក់ទងនឹងជីវភាពប្រជាជន តាំងពីមុនសម័យអង្គរមកម្ល៉េះ ដោយ សារតែនៅតាមប្រាង្គប្រាសាទ បុរាណ នៅខេត្តសៀមរាបយើងនេះ មានរូបចម្លាក់ជា ច្រើនទាក់ទងនឹងជីវភាពប្រចាំ ថ្ងៃរបស់ប្រជាជនដោយភ្ជាប់ នឹងរូបត្រី ជាពិសេសគឺនៅប្រាសាទបាយ័ន ដោយនៅតាមជញ្ជាំងប្រាសាទផ្លែកខ្លះៗ យើងអាចមើលឃើញនូវចម្លាក់រូបត្រីគល់រាំងនេះ ដែលជាភស្តុតាងពីការផ្សារភ្ជាប់ត្រីនេះ ទៅនឹងជីវភាពរស់នៅរបស់ប្រជាជនយើងតាំងពីយូរលង់ណាស់មកហើយ ។  

   ឯកឧត្តមបន្ថែមថា ត្រីគល់ រាំង គឺជាប្រភេទត្រីមានស្រកាតែ១គត់ នៅព្រះរាជាណាចក្រកម្ពុជាយើង ដែលអាចលូត លាស់រហូតដល់ទម្ងន់ប្រមាណ៣០០គីឡូក្រាម និងប្រវែងពី២ទៅ៣ម៉ែត្រ ហើយត្រីនេះអាចរស់នៅបានទាំងទន្លេនិងបឹង ហើយត្រូវបានប្រជាជនប្រសិទ្ធនាមថា “ស្តេចបឹង” ។ ត្រីគល់រាំង ចូលចិត្តរស់នៅតំបន់អន្លង់ជ្រៅៗតាមដងទន្លេមេគង្គ បឹងទន្លេសាប ហើយតាមការសិក្សាស្រាវជ្រាវកន្លងមក ត្រីគល់រាំងពេញវ័យអាចបន្តពូជបាននៅអាយុ៧ឆ្នាំឡើង ឬអាចយូរជាងនេះ ដែលជាវដ្តជីវិតបន្តពូជមួយដ៏យូរ ដែលនេះហើយជាហានិភ័យនៃការឈានទៅរកការផុតពូជបាន បើពុំមានការអភិរក្ស ឬក៏ចូល រួមពីយើងទាំងអស់គ្នានោះទេ ។

     ម្យ៉ាងទៀត ពិតមែនតែត្រីគល់រាំងនេះ អាចរស់នៅបានរហូតដល់អាយុ៦០ឆ្នាំ និងអាចពងកូនម្តងរង្វង់ពី៦០ម៉ឺន ទៅ៨០ម៉ឺនកូន ប៉ុន្តែហានិភ័យនៃការប្រឈមរបស់ត្រីគល់ រាំងនៅតែខ្លាំងដដែល ដោយ សារការនេសាទខុសច្បាប់ ការជាប់មងដោយចៃដន្យ និងការ បំផ្លាញជម្រក ក៏ដូចជាជីវ ចម្រុះរបស់វា ។

    សូមបញ្ជាក់ថា ត្រីគល់រាំង ត្រូវបានចាត់ទុកជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ។ ត្រីគល់រាំងនេះ គឺត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹក ជញ្ជូន តាំងពីសម័យសម្តេចព្រះនរោត្តម សីហនុ (ព្រះបរមរតកោដ្ឋ) មកម្ល៉េះ គឺតាមរយៈក្រមនេសាទ លេខ៨០នស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ ៕IMG_20211025_153729_679IMG_20211025_153732_621

Comments

Related posts