ក្រសួងសាធារណការ កំពុងជំរុញការធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌ និងរៀបចំជាផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់នៅទូទំាងប្រទេស

 

 

 វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៣ ១១ ២០២១

ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌ និងរៀបចំជាផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀតក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីធានាឱ្យការ គ្រប់គ្រងប្រកបដោយប្រសិទ្ធ ភាព និងការទទួលខុសត្រូវ។

      ក្នុងកិច្ចប្រជុំពិភាក្សាត្រួត ពិនិត្យលើពង្រាងចុងក្រោយផែនទីបណ្តាញផ្លូវថ្នល់ឆ្នាំ ២០២០ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា នាទីស្តីការក្រសួង ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារ ណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារធ្វើផែនទីបណ្ដាញផ្លូវថ្នល់ឆ្នាំ២០២០ បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេស មន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានី-ខេត្ត ផ្តល់មតិ យោបល់បន្ថែមលើពង្រាងទិន្នន័យផែនទី ក៏ដូចជាធ្វើការបញ្ជាក់ឱ្យបានច្បាស់លាស់ផ្លូវថ្នល់ដែលស្ថិតនៅក្រោមសមត្ថកិច្ចនៃការគ្រប់គ្រងរបស់ខ្លួន សំដៅធ្វើយ៉ាងណាឱ្យការធ្វើបច្ចុប្បន្នភាពបញ្ជី សារពើភណ្ឌ និងរៀបចំជាផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀតក្រោមការគ្រប់គ្រងរបស់ក្រសួងទទួលបានជោគជ័យ។ បន្ថែមពីនោះទៀត ការធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌ និងរៀបចំជាផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់នេះ ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំផែនទីបណ្ដាញផ្លូវ ជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេង ទៀត ហើយផលិតចេញជាផែនទីឱ្យបានចប់សព្វគ្រប់ ដើម្បីជួយសម្រួលដល់ការងារគ្រប់គ្រង ជួសជុល និងថែទាំផ្លូវថ្នល់ប្រកបដោយប្រសិទ្ធ ភាពខ្ពស់។

      គួរកត់សម្គាល់ថា ផ្លូវជាតិសំដៅដល់ផ្លូវដែលមានចរាចរណ៍ច្រើន និងមានលក្ខណៈសម្គាល់ដូចជា ក) ផ្លូវភ្ជាប់ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងនៃខេត្តនីមួយៗ នៅទូទាំងប្រទេស ខ) ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយឆ្ពោះទៅកាន់ក្រុងនៃខេត្តមួយទៀត គ) ផ្លូវភ្ជាប់ចេញពីផ្លូវជាតិឆ្ពោះទៅកាន់ផ្លូវជាតិ ឃ) ផ្លូវបែកចេញពីផ្លូវជាតិឆ្ពោះទៅកាន់ក្រុងនៃខេត្តមួយ ង) ផ្លូវបែកចេញពីផ្លូវជាតិ ឬផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយឆ្ពោះទៅកាន់តំបន់សំខាន់ៗដូចជា៖ កំពង់ផែ ស្ថានីយរថភ្លើង អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋានទេសចរណ៍ ច្រកទ្វារព្រំដែន តំបន់មានសក្តានុពលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ច) ផ្លូវសំខាន់ៗរបស់ជាតិមានចរាចរណ៍ច្រើនដែលកំណត់ដោយរាជរដ្ឋាភិ បាលតាមសំណើរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។

     ដោយឡែក ផ្លូវខេត្តសំដៅដល់ផ្លូវដែលត្រូវបានកំណត់ដូចជា ក. ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយ ឆ្ពោះទៅកាន់ទីរួម ស្រុក ខណ្ឌ ខ) ផ្លូវបែកចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ផ្លូវខេត្ត គ) ផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវក្រុងឆ្ពោះទៅកាន់ទីរួមស្រុកខណ្ឌ ឃ) ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយឆ្ពោះទៅកាន់ផ្លូវខេត្ត ង) ផ្លូវបែកចេញពីផ្លូវខេត្តឆ្ពោះទៅកាន់ផ្លូវខេត្ត ច) ផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវក្រុង ឬផ្លូវទីប្រជុំជននានាក្នុងខេត្តទៅកាន់តំបន់សំខាន់ៗដូចជា៖ កំពង់ផែ ស្ថានីយរថភ្លើង អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋានទេសចរណ៍ ច្រកទ្វារព្រំដែនទ្វេភាគី តំបន់មានសក្តានុពលសេដ្ឋកិច្ចមធ្យមផ្សេងទៀត៕IMG_20211103_142740_439IMG_20211103_142736_419

Comments

Related posts