ការងារបង្កបង្កើនផលស្រូវវស្សាឆ្នាំ២០២១ អនុវត្តបានជាង២លានហិកតាស្មើនឹងជាង៤០ភាគរយនៃផែនការសរុប

 

 

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា ៣០.១១.២០២១

 

MC៖ ការងារបង្កបង្កើនផលស្រូវវស្សាឆ្នាំ២០២១ អនុវត្តបានជាង២លានហិកតាក្នុងនោះប្រមូលផលបានជាង៤០ភាគរយហើយ ដោយប្រជាកសិករនៅតែបន្តខិតខំការងារបង្កបង្កើនផលស្រូវដើម្បីធានាសន្តិសុខ ស្បៀងនិងលើកកម្ពស់ជីវភាពក្រុមគ្រួសារ។

    លោក គង់ គា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំស្រូវ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ ២០២១នេះ ប្រជាកសិករបាន ដាំដុះដំណាំស្រូវ លើផ្ទៃដី ២,៩០១,០៦៥ ហិកតា ដោយទិន្នផលជាមធ្យមប្រមូលបាន ជាង៣តោនក្នុង១ហិកតា ស្មើនឹងជាង៤០ភាគរយ នៃផែនការសរុប។

លោកបន្តថា ការបង្កបង្កើនផលស្រូវដើមរដូវវស្សាឆ្នាំ២០២១នេះ មានល្បឿនលឿនជាងឆ្នាំមុន ហើយផ្ទៃដីដាំដុះក៏មានការកើនឡើងដែរ ដោយឆ្នាំនេះ មានភ្លៀងធ្លាក់ពីដើមដៃ ទើបប្រជាកសិករឆាប់បានភ្ជួររាស់ ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវឱ្យប្រជាកសិករទាំងអស់ ក្រោយពីប្រមូលផលស្រូវរួចរាល់ ត្រូវពង្រីករបរកសិកម្មបន្ថែមទៀត ដើម្បីអាចរក ចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ចៀសវាងការធ្វើចំណាកស្រុក ទៅធ្វើការនៅប្រទេសគេ ដោយទុកដីទំនេរចោល ជាពិសេសប្រជាកសិករត្រូវតែចេះស្វែងយល់ពីបច្ចេកទេស មួយចំនួនក្នុងការដាំដុះ និងយកចិត្តទុកដាក់ខ្ពស់ ទៅលើដំណាំរបស់ខ្លួន ដើម្បីទទួលបានទិន្នផលល្អ។   

សំឡេង៖ «ជារួមក្នុងអំឡុងពេលកូវីដ មិនមានផលប៉ះពាល់ ទៅលើដំណាំស្រូវ យើងបាននាំចេញស្រូវជាច្រើន ជាពិសេសប្រទេសជិតខាងជាច្រើន ។ ចំពោះតម្លៃស្រូវឆ្នាំនេះល្អ ទទួលបានពី៨០០ទៅ៩០០ រៀលក្នុង១គីឡូក្រាម ការប្រមូលស្រូវក្រអូប នៅរដូវនេះ ជាពិសេស ស្រូវផ្ការំដួលតាមទិន្នន័យ១គីឡូបានពី ១០០០ទៅ១១០០រៀល  ។ ដោយឡែកប្រជាកសិករ ដែល ខូចខាតដោយសារទឹកជំនន់ ប្រមុខរាជរដ្ឋាភិបាលបានអន្តរាគមន៍គ្រាប់ពូជ ដែលប្រជាកសិករគ្មានលទ្ធភាពស្តារឡើងវិញ រាជរដ្ឋាភិបាលបានផ្តល់គ្រាប់ពូជស្រូវអស់ ជាង១ពាន់តោន អន្តរាគមន៍ ភាគច្រើននៅខេត្ត បាត់ដំបង និងខេត្ត បន្ទាយមានជ័យ »។ 

សូមបញ្ជាក់ថា យោងតាមទិន្នន័យវឌ្ឍនភាពដំណាំស្រូវនៅកម្ពុជា ឆ្នាំ២០២១នេះបានឱ្យដឹងថា  មកដល់បច្ចុប្បន្ន ការប្រមូលផលស្រូវរដូវវស្សាឆ្នាំ២០២១សម្រេចបានជាង៤០ភាគរយ លើផ្ទៃដីដាំដុះ២,៩០១,០៦៥ ហិកតា ( ពីរលានប្រាំបួនសែនមួយពាន់ហុកសិបប្រាំ ហិកតា) ជាមធ្យមទិន្នផល ទទួលបាន ជាង៣តោន ក្នុង១ហិកតា ៕7-17

Comments

Related posts