ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវមកកាន់កម្ពុជា ភាគីទាំង២ បានឯកភាព លើចំណុចជាច្រើន 

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣០ ១១ ២០២១

 

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងឡាវ។

ក្នុងបរិយាកាសស្និទ្ធស្នាលមិត្តភាព ភាពជាអ្នកជិតខាងល្អ សាមគ្គីភាពជាភាតរៈ ការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ បានជួបពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រទេសទាំងពីរលើវិស័យនយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់តាមផ្លូវគោក និងអាកាស ថាមពល ទេសចរណ៍ ការអប់រំ និងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នាយករដ្ឋមន្រ្តីទាំងពីរ បានឯកភាពបន្តជំរុញពន្លឿនការ បញ្ចប់សេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលអាចនឹងឈានដល់ការចុះហត្ថលេខាក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ស្របតាមការឯកភាពគ្នាក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ នាយករដ្ឋមន្រ្តី និងឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ដែលពេលនោះជានាយករដ្ឋមន្រ្តី នៅក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនៅកម្ពុជា កាលពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩។

ពាក់ព័ន្ធនឹងកិច្ចការព្រំដែន កម្ពុជា និងឡាវ សម្រេចបានការខណ្ឌ សីមា និងបោះបង្គោលចំនួន ១២១បង្គោល ស្មើនឹង៨៦% នៃខ្សែព្រំដែនរួម។ ភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូន គណៈកម្មាធិការចម្រុះព្រំដែននៃ ប្រទេសទាំងពីរ ពន្លឿនការចរចា លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ សំរាប់ខ្សែព្រំដែនដែលបានឯកភាពគ្នា និងពិភាក្សាគ្នាលើការបោះបង្គោលព្រំដែន បំពេញបន្ថែមចន្លោះបង្គោល ដែលមានស្រាប់នៅក្នុងតំបន់ដែលបានឯកភាពគ្នារួច ៨៦% ព្រមទាំងផលិតផែនទីជាឧបសម្ព័ន្ធនៃសន្ធិសញ្ញាខាងលើនេះ។

នាយករដ្ឋមន្រ្តីទាំងពីរ បានឯកភាពគ្នាបន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្រសួងស្ថាប័ន អាជ្ញាធរមូលដ្ឋាន ឱ្យបានទៀងទាត់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងឡាវ ។ ភាគីទាំងពីរ ក៏បានឯកភាពជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានរបស់ខ្លួន  អនុវត្តភារកិច្ចប្រកប ដោយការទទួលខុសត្រូវខ្ពស់ ធានាបាននូវសន្តិភាព និងស្ថិរភាពតាមតំបន់ព្រំដែនកម្ពុជា-ឡាវ ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ប្រកបដោយ សន្តិភាព មិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ។

ក្នុងវិស័យការពារជាតិ និងសន្តិសុខសាធារណៈ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់តាមរយៈការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានរវាងស្ថាប័នមានសមត្ថកិច្ចនៅតំបន់ព្រំដែន នៃប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីទាំងពីរ បានឯកភាពជំរុញបន្តការពិគ្រោះយោបល់គ្នាឲ្យបានទៀងទាត់ និងផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិត កិច្ចសហប្រតិបត្តិការផ្លូវច្បាប់ និងកុងស៊ុល ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន ការទប់ស្កាត់ជំងឺឆ្លង និងគ្រោះមហន្តរាយធម្មជាតិ។

ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ សាជាថ្មីអំពីសារសំខាន់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបង្កើនពាណិជ្ជកម្មនិងការវិនិយោគបន្ថែមទៀត សំដៅជំរុញការស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់។ ភាគីទាំងពីរ បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ និងពន្ធលើប្រាក់ចំណូល (DTA)។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈ គ្នាលើបញ្ហាដែលជាផលប្រយោជន៍ និងកង្វល់រួម និងបាន បញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុត មាំ ក្នុងការគាំទ្រគ្នាទៅវិញ ទៅមក និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេសអាស៊ាន ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់ និងពិភពលោក៕IMG_20211130_214328_760IMG_20211130_214330_640IMG_20211130_214333_181

Comments

Related posts