វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ចំនួនអ្នកស្លាប់ដោយសារការផ្ទុះភ្នំភ្លើង Semeru នៅខេត្ត Java ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ២២ នាក់ កាលពីថ្ងៃចន្ទ ជាមួយនឹងមនុស្សជាង ៣០ នាក់បានបាត់ខ្លួន ខណៈដែលការស្វែងរកជនរងគ្រោះកំពុងដំណើរការ ចំពេលកំពុងកើតមានទឹកជំនន់ កម្អែ និងពពកក្តៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី០៧ ខែធ្នូ។ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពជាច្រើនដែលកប់ដោយភក់នៅក្នុងស្រុក Lumajang កាលពីថ្ងៃច័ន្ទ ហើយចំនួនអ្នកបាត់ខ្លួន អាចនឹងកើនឡើង ខណៈដែលមានសកម្មភាពជីកយករ៉ែខ្សាច់នៅតាមដងទន្លេក្នុងអំឡុងពេលការផ្ទុះនេះ នេះបើតាមសម្តីលោក Daniel Riza មន្ត្រីនៅមជ្ឈមណ្ឌលទិន្នន័យនិងព័ត៌មាននៃស្រុក Lumajang ។លោកបានប្រាប់ Xinhua ថា "របាយការណ៍បានបង្ហាញថាមនុស្ស ២២ នាក់ បានស្លាប់ ហើយមនុស្ស ៣០ នាក់បានបាត់ខ្លួន។ចំនួនអ្នកបាត់ខ្លួន អាចមានច្រើនជាងនេះទៅទៀត ដោយសារមានសកម្មភាពរុករករ៉ែ មួយចំនួន នៅតាមដងទន្លេ មុនការផ្ទុះ" ។ មន្ត្រីបាននិយាយថា គ្រោះមហន្តរាយធម្មជាតិបានបង្ខំមនុស្ស ១,៧០០ នាក់ ឱ្យភៀសខ្លួនចេញ ពីផ្ទះសំបែងនិងទៅជ្រកកោននៅមជ្ឈមណ្ឌលជម្លៀស ខណៈដែលផ្ទះរាប់រយខ្នង ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតត្រូវបានបំផ្លាញ។ កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសនេះបានព្រមានថា ភ្លៀងធ្លាក់ខ្លាំង អាចនឹងកើតឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ លោក Fachri Rajab ប្រធានមជ្ឈមណ្ឌលឧតុនិយមសាធារណៈបាននិយាយថា "នៅតែមានសក្តានុពលនៃភ្លៀង ជាមួយនឹងកម្រិតខ្សោយ មធ្យម និងធ្ងន់ ដែលហូរចុះមកតំបន់ជុំវិញ និងជម្រាលភ្នំភ្លើងក្នុងរយៈពេល ៣ ថ្ងៃបន្ទាប់" ៕
Comments