វិទ្យុជាតិកម្ពុជា ដោយ៖ឡុង សំបូរមន្ទីរព័ត៌មានខេត្តព្រះវិហារ
ព្រះវិហារ៖ ស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ ជាស្រុកចុងកាត់មាត់ញក ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ជាប់ព្រំដែនថៃ និងជាអតីតតំបន់តស៊ូចុងក្រោយ និងបានរងការខ្ទេចខ្ទាំដោយសារសង្គ្រាមស៊ីវិល។ ប៉ុន្តែ ភ្លើងសង្គ្រាម ត្រូវបានរលត់ទៅវិញទាំងស្រុង នៅចុងឆ្នាំ១៩៨៩ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ន ក្រោមម្លប់នៃសុខសន្តិភាព ដែលនាំមកជូនប្រជាជាតិកម្ពុជា ដោយលំបាកលំបិន និងក្រោមកិច្ចខិតខំប្រឹងប្រែងពីឥស្សរជនសំខាន់ៗរបស់ គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា ,ប្រទេសកម្ពុជា កសាងបាននូវសមិទ្ធផលជាច្រើនអនេក មានដូចជា ស្ពាន ផ្លូវ លូ ប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំណង់រីកស្អេកស្កះពេញផ្ទៃប្រទេស។
ដោយឡែក នៅក្នុងខេត្តព្រះវិហារ នោះវិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺថ្នាក់ដឹកនាំថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានរួមគ្នាកសាងរង្វង់មូល រូបសំណាកគោបុរៈទី៥ នៃប្រាសាទព្រះវិហារ មួយដ៏ល្អប្រណិត ក្រោមការសម្រិត សម្រាំង នៃស្ថាបត្យករដ៏ល្អឯក ក្រោមការចំណាយទឹកប្រាក់អស់ ១២ម៉ឺន ៥ពាន់ដុល្លារសហរដ្ឋអាមេរិក និងក្រោមការដឹកនាំស្ថាបនារបស់ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងក្រោមគំនិតផ្ដួចផ្តើមពីឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ។
លោក សំ លាងទ្រីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា ស្រុកជាំក្សាន្ត ដែលមានចម្ងាយផ្លូវប្រមាណ ៨៥គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ គឺជាអតីតតំបន់ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម និងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កើនការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ និងស្ទើរគ្រប់មូលដ្ឋាន នូវការតភ្ជាប់បណ្តាញគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំណង់នានាជាច្រើន ពិសេស ការសាងសង់រង្វង់មូលដ៏ស្រស់ស្អាតមួយ យកគំរូតាមរូបសំណាកគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ក្នុងរចនាបថខ្មែរសុទ្ធសាធ ចំណាយថវិកាអស់ ១២ម៉ឺន ៥ពាន់ដុល្លារអាមេរិក ដោយមិនបានប្រើប្រាស់ថវិកាជាតិនោះទេ គឺបានមកពីការរួមបញ្ចូលគ្នា រវាងថ្នាក់ដឹកនាំថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងសប្បុរសជន នៅក្នុងខេត្តព្រះវិហារ។
លោក បន្តថា ស្ថាបត្យកម្ម ដ៏ថ្មីស្រឡាងនេះ ត្រូវបានសាងសង់ឡើង នៅចំណុចប្រសព្វផ្លូវបំបែកជា៣ ឆ្ពោះទៅកាន់ប្រាសាទព្រះវិហារ ខេត្តឧត្តរមានជ័យ និងចូលមកកាន់ទីរួមខេត្តព្រះវិហារ និងត្រូវគេចាត់ទុកថា ជាការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី នៃស្នាដៃកូនខ្មែរជំនាន់នេះ ហើយសំណង់គោបុរៈទី៥ នៃប្រាសាទព្រះវិហារនេះ មានដាំស្មៅ លម្អដោយផ្កាភ្ញីចម្រុះពណ៌ និងមានបំពាក់ឧបករណ៍ហាត់ប្រាណផងដែរ។ លោកថាស្ថាបត្យកម្មថ្មីនេះ នឹងត្រូវចារឹកទុកក្នុងក្រអៅបេះដូង និងទុកជាកេរដំណែលដល់កូនខ្មែរគ្រប់រូប គ្រប់ៗជំនាន់តទៅមុខទៀត។
គួររម្លឹកថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ កន្លងមកថ្មីៗនេះ រង្វង់មូលស្រអែម ដែលសាងសង់ឡើងក្នុងតម្លៃទឹកប្រមាណ ១២ម៉ឺន ៥ពាន់ដុល្លារនោះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមមាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែង កោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងសប្បុរសជនានា ដែលបានរួមគ្នាសាងសង់រង្វង់មូលស្រអែម ប្រកបដោយចម្លាក់ក្បាច់រចនាដ៏ល្អឯកនៃ រូបសំណាក់គោបុរៈទី៥ ប្រាសាទព្រះវិហារនេះឡើង។ ឯកឧត្តម បានចាត់ទុករង្វង់មូលស្រអែមនេះ គឺជាសមិទ្ធផលថ្មី ដុះលើដីចាស់ និងត្រូវបានចារឹកទុកជាសំណង់ប្រវត្តិសាស្ត្រ ដ៏ស្រស់បំព្រង និងអាចទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកាន់តែច្រើនទ្វេឡើង។
ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈ ដែលជាទ្រព្យរួមរបស់យើងទាំងអស់គ្នា ឱ្យបានគង់វង្ស ទុកសម្រាប់កូន ចៅយើងគ្រប់ៗជំនាន់ទៅមុខទៀត៕
Comments