មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ក្រើនរំឭកពលរដ្ឋកុំឱ្យប្រើសេវាក្រៅផ្លូវការ

 

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១០ ១២ ២០២១

 

ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំឭកដល់ប្រជាពលពលរដ្ឋឱ្យបញ្ឈប់ទៅរកការប្រើសេវាក្រៅផ្លូវការចំពោះការចុះបញ្ជីយានយន្ត ឬការធ្វើឆៀកជាដើម ដែលនាំឱ្យខាតបង់ថវិកាលើសពីការកំណត់ក្នុងសៀវភៅបន្ទុករបស់ក្រសួង។

ការក្រើនរំឭកនេះ ធ្វើឡើងខណៈមានប្រជាពលរដ្ឋនៅតែទៅរកអ្នករត់ការក្រៅផ្លូវការ ឬហៅថា អ្នកគួកជេ ក្នុងការចុះបញ្ជីយានយន្ត ការធ្វើឆៀក និងសេវាផ្សេងទៀតទាក់ទងនឹងសេវាសាធារណៈដឹកជញ្ជូនផ្លូវគោក។

ថ្លែងក្នុងឱកាសដឹកនាំប្រតិភូចុះពិនិត្យកន្លែងផ្តល់សេវាសាធារណៈដឹកជញ្ជូនផ្លូវគោក ដែលមាននៅក្នុងរាជធានីភ្នំពេញដូចជា៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធំ មជ្ឈមណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ មជ្ឈមណ្ឌលផ្តល់ការផ្ទេរកម្មសិទ្ធិយានយន្ត និងចុះបញ្ជីយានយន្តនៅផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល និងមជ្ឈមណ្ឌលផ្តល់សេវាផ្នែកឆៀក ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងបានបង្កើតមជ្ឈមណ្ឌលផ្តល់សេវាសាធារណៈទៅលើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬហៅថា «ឆៀក» ការចុះបញ្ជីយានយន្ត ការធ្វើបណ្ណបើកបរ ការផ្ទេរកម្មសិទ្ធិយានយន្ត ជាច្រើនកន្លែង ជាមួយការបិតនូវតារាងតម្លៃសេវានៅទីនោះស្រាប់ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋចូលទៅប្រើប្រាស់។ ជាមួយគ្នានេះ ក៏បានបង្កើតប្រព័ន្ធអនឡាញ សម្រាប់ឱ្យប្រជាពលរដ្ឋចូលទៅប្រើ មុននឹងយកយានយន្តទៅកាន់ទីតាំងចុះបញ្ជី ឬឡើងឆៀក ប្រកបដោយភាពងាយស្រួល រហ័ស និងចំណេញពេលវេលា។ ឯកឧត្តម បានឱ្យដឹងថា ក្រសួងគ្រោងពង្រីកមជ្ឈមណ្ឌលសេវាសាធារណៈលើផ្នែកដឹកជញ្ជូនផ្លូវគោកឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀតទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ពិសេសកុំឱ្យទៅរកអ្នករត់ការក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ថវិកាច្រើន។

ឯកឧត្តម ឈួន វ៉ន់ ក៏បានក្រើនរំឭកដល់មន្ត្រីដែលបម្រើការនៅទីនោះអនុវត្តតួនាទីភារកិច្ច ជាអ្នកបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមិនត្រូវយកតម្លៃសេវាពីប្រជាពលរដ្ឋលើសពីការកំណត់ជាដាច់ខាត។ 

លោក សេន សាវុធ អ្នកគ្រប់គ្រងទូទៅនៃមណ្ឌលធ្វើឆៀកនៅសាខាខណ្ឌសែនសុខ របស់ក្រុមហ៊ុន HK Car Inspection បានឱ្យដឹងថា តម្លៃសេវាសម្រាប់ប្រជាពលរដ្ឋយកយានយន្តទៅធ្វើឆៀក គឺយកតម្លៃតាមតារាងបញ្ជីរបស់រដ្ឋ។

 យោងតាមតារាងតម្លៃឆៀកយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា តម្លៃត្រូវបានកំណត់តាមប្រភេទយានយន្ត ដែលក្នុង នោះ ត្រីចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក តម្លៃ ៧០០០រៀល។ រីឯ រថយន្តទេសចរណ៍ ( រថយន្តគ្រួសារ ) ឬរថយន្តធុនស្រាល ដែលធ្វើស្លាកលេខថ្មី តម្លៃ ៣៦០០០រៀល។ រថយន្តទេសចរណ៍គ្រួសារ ៤កៅអី ថ្លៃ ៤២០០០រៀលរហូតដល់រថយន្តដឹកទំនិញ ផ្ទុកលើសពី ១០តោន ថ្លៃ៦៦០០០ រៀល៕IMG_20211210_105330_500

Comments

Related posts