ជិតពាក់កណ្តាលនៃអ្នកបើកបរយានយន្តធុនធ្ងន់ អត់មានប័ណ្ណបើកបរត្រឹមត្រូវ

 

                វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១០ ១២ ២០២១

                            ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន អះអាងថា ជិតពាក់កណ្តាលនៃអ្នកបើកបរយានយន្តធុនធ្ងន់ ពុំទាន់មានប័ណ្ណបើកបរត្រឹមត្រូវទៅតាមប្រភេទដែលបានកំណត់នោះទេ ដែលកត្តានេះបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសដឹកនាំប្រតិភូចុះពិនិត្យមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធំ ដែលមានទីតាំង តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្នចំនួន នៃការចេញបណ្ណបើកបរសម្រាប់យានយន្តធុនធំ គឺមានតិចជាងចំនួនយានយន្តប្រភេទនេះ។ ឯកឧត្តម បានលើកជាឧទាហរណ៍ថា ក្នុងចំណោមយានយន្តធុនធំដែលចុះបញ្ជីធ្វើចរាចរណ៍នៅលើដងផ្លូវចំនួន៣០ម៉ឺនគ្រឿង គឺមានអ្នកបើកបរមានបណ្ណត្រឹមត្រូវតាមប្រភេទ យានតែ៥០ ទៅ៦០ភាគរយប៉ុណ្ណោះ។ ពោលគឺ ចំនួនអ្នកបើកបរយានយន្តធុនធ្ងន់ប្រមាណជិតពាក់កណ្តាល កំពុងបើកបរយានយន្តធុនធ្ងន់ ចរាចរនៅលើផ្លូវថ្នល់ ដោយមិនមានប័ណ្ណបើកបរ និងមានប័ណ្ណបើកបរមិនត្រូវតាមប្រភេទយាន ដែលបានកំណត់ដូចជាប្រភេទ.គ ប្រភេទ.ឃ និងប្រភេទ.ង។ ឯកឧត្តម អំពាវនាវដល់អ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ឱ្យចូលទៅរៀនទ្រឹស្តីច្បាប់ចរាចរណ៍ និងដៃចង្កូត នៅតាមសាលា បណ្តុះបណ្តាលជំនាញឱ្យបានត្រឹមត្រូវ ដើម្បីប្រឡងយកបណ្ណបើកបរឱ្យបានត្រឹមត្រូវតាមប្រភេទយាន សំដៅចូលរួមកាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍។

បើតាមការឱ្យដឹងពីលោក អ៊ុក ស៊ីដន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធំ បានបញ្ជាក់ថា ចាប់តាំងពីមជ្ឈមណ្ឌល របស់ខ្លួនបើកទទួលការបណ្តុះបណ្តាលលើជំនាញបើកបរយានយន្តធុនធំ កាលពីខែកុម្ភៈ ឆ្នាំ២០២១មក គឺមានពលរដ្ឋចូលរៀនទ្រឹស្តី ច្បាប់ចរាចរណ៍ផ្លូវគោក និងដៃចង្កូតចំនួន១៤៨នាក់ ប៉ុន្តែក្នុងចំណោមនេះ គឺមានអ្នកដែលប្រឡងជាប់ទទួលបានបណ្ណបើកបរ តែ៤១នាក់ ប៉ុណ្ណោះ ដោយសារពួកគាត់ខ្សោយផ្នែកទ្រឹស្តីច្បាប់ចរាចរណ៍ផ្លូវគោក។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានដឹកជញ្ជូន គិតត្រឹមឆ្នាំ២០២០ បានឱ្យដឹងថា យានយន្តធុនធ្ងន់ដែលបានចុះបញ្ជី មានជាង ៣២ម៉ឺន៥ពាន់គ្រឿង។ ចំណែក បណ្ណបើកបរប្រភេទ គ.ឃ.ង ដែលត្រូវបានចេញឱ្យអ្នកបើកបរ សម្រាប់យានយន្តប្រភេទនេះ មានជាង ២១ម៉ឺន៨ពាន់បណ្ណ។

តាមការបញ្ជាក់របស់ឯកឧត្តម ឈួន វ៉ន់ បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងជំរុញការត្រួតពិនិត្យសាលាបង្រៀន បើកបរទំាងអស់ ដើម្បីពង្រឹងសមត្ថភាពជំនាញទ្រឹស្តី និងដៃចង្កូតដល់សិស្សដែលកំពុងរៀនបើកបរយកបណ្ណប្រភេទយានយន្តធុនធំ ដោយក្នុងនោះសាលាបង្រៀនចំនួន១៥ ក្នុងចំណោមជិត៤០សាលាបង្រៀន ត្រូវបានដកអាជ្ញាបណ្ណ និងបិទមិនឱ្យធ្វើការបណ្តុះបណ្តាល ទៀតនោះទេ៕IMG_20211210_115035_233IMG_20211210_115039_556

Comments

Related posts