វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក "មានការខឹងសម្បារ" ចំពោះរបាយការណ៍ដែលថាទាហានមីយ៉ាន់ម៉ាបានឡោមព័ទ្ធ និងសម្លាប់មនុស្ស ១១ នាក់នៅក្នុងតំបន់ភាគពាយ័ព្យ នៃខេត្ត Sagaing ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ថ្ងៃទី១០ ខែធ្នូ។ ទាហានត្រូវបានគេចោទប្រកាន់ថា បាន បាញ់សម្លាប់ប្រជាជន និងដុតសាកសពរបស់ពួកគេ។ សាកសពឆេះត្រូវបានគេរកឃើញនៅក្នុងភូមិមួយ។ ខ្សែវីដេអូបង្ហាញសាកសព ដែលត្រូវ បានគេដុតនោះ ត្រូវបានគេផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយរូបភាព ត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន រួម ទាំងព័ត៌មាន Myanmar Now ផងដែរ។ លោក Price បាននិយាយថា "យើងមានការខឹងសម្បារចំពោះរបាយការណ៍ដ៏គួរឱ្យទុកចិត្ត និងឈឺចាប់ដែលយោធាភូមាបានចងអ្នកភូមិ ១១ នាក់ រួមទាំងកុមារនៅភាគពាយ័ព្យនៃប្រទេសភូមា ហើយបានដុតពួកគេទាំងរស់" ។ លោក Price បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ទីក្រុងវ៉ាស៊ីនតោន ឱ្យយោធាបញ្ចប់ការប្រើប្រាស់អំពើហឹង្សា និងដោះលែងអ្នកដែលត្រូវបាន ឃុំខ្លួនដោយអយុត្តិធម៌ ចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារនៅថ្ងៃទី ១ ខែកុម្ភៈ។ អ្នកស្រុកបាននិយាយថា អដ្ឋិធាតុត្រូវ បានគេរកឃើញនៅក្នុងភូមិមួយក្នុងខេត្ត Sagaing ជាតំបន់មួយដែលត្រូវបានគេមើលឃើញថា មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងកងកម្លាំងសន្តិសុខ និងកងជីវពលដែលបង្កើតឡើងដោយក្រុមប្រឆាំង៕
Comments