ការធ្វើដំណើរលើផ្លូវល្បឿនលឿន អាចនឹងមិនបង់ថ្លៃនៅថ្ងៃបុណ្យជាតិ

 

              វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៤ ១២ ២០២១

                             MC . ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បង្ហើបប្រាប់ថា ការធ្វើដំណើរលើផ្លូវល្បឿនលឿននៅថ្ងៃ បុណ្យជាតិ នឹងមិនតម្រូវឱ្យបង់ថ្លៃនោះទេ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋបើកបរដោយសេរី បើទោះបីជាផ្លូវនេះស្ថិតក្នុងគម្រោងវិនិយោគក្តី។

  ប្រភពដដែលបានបញ្ជាក់ថា បច្ចុប្បន្នការបង់ប្រាក់ដើម្បីធ្វើដំណើរលើផ្លូវ ដែលវិនិយោគដោយក្រុមហ៊ុនឯកជននេះ មិនទាន់កំណត់នៅ ឡើយទេ ខណៈក្រោយពេលសាងសង់ចប់ ការធ្វើដំណើរអាចអនុញ្ញាតឱ្យយានយន្តបើកបរបានក្នុងល្បឿន១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងមិនអនុញ្ញាតឱ្យឈប់ក្រៅពីស្ថានីយចំណតជាដាច់ខាត ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍។

តាមការបញ្ជាក់បន្ថែមរបស់លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងចរចាជាមួយភាគីក្រុមហ៊ុនវិនិយោគផ្លូវនេះ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើការ បើកបរសាកល្បងនៅលើផ្លូវនេះ សំដៅឱ្យបានយល់ដឹងពីស្ថានភាពផ្លូវជាមុនសិន មុននឹងឈានទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយការបង់ ប្រាក់។ លោកបញ្ជាក់ថា បើសិនជាការចរចាទទួលបានការឯកភាពពីភាគីវិនិយោគចិន គឺផ្លូវនេះ នឹងអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋបើកបរ សាកល្បងបាននៅចុងឆ្នាំ២០២២ ពោលគឺ នៅពេលសំណង់ផ្លូវថ្នល់នេះរួចរាល់ជាស្ថាពរ។

តាមផែនការ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២ ខណៈល្បឿននៃការសាងសង់ គិតត្រឹមដំណាច់ខែវិច្ឆិកាឆ្នាំ២០២១នេះ សម្រេចបាន៧០,៩៣ភាគរយហើយ។

គម្រោងផ្លូវល្បឿនលឿនលើកដំបូងនេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ចាប់ពីក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ដល់ក្រុងព្រះសីហនុ ត្រូវបានវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិនពីប្រទេសចិន ក្នុងទឹកប្រាក់ប្រមាណ២ពាន់លាន ដុល្លារអាមេរិក តាមរូបភាព សាងសង់ អាជីវកម្ម និងផ្ទេរ រយៈពេលជិត៥០ឆ្នាំ ដើម្បីសម្រួលការដឹកជញ្ជូនផលិតផល ដំណាំកសិផល និង ផលិតផលកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុនវិនិយោគទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រ អន្តរជាតិទឹកជ្រៅរបស់កម្ពុជា និងការធ្វើដំណើររបស់ប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស។

ផ្លូវនេះ បាននិងកំពុងសាងសង់ដោយមានទទឹងតួផ្លូវ២៤,៥ម៉ែត្រ សម្រាប់គន្លងផ្លូវធ្វើចរាចរ២គន្លងទៅ ២គន្លងមក ដែលអនុញ្ញាតឱ្យយានយន្ត គ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយ ម៉ោង។ នៅលើបណ្តោយនៃផ្លូវនេះ ក៏នឹងមានសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន៧កន្លែង ផ្លូវប្រសព្វចំនួន២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿន នេះចំនួន២៣៧កន្លែងនិងស្ពានរំលងផ្លូវចំនួន២០កន្លែង ព្រមទាំងសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែងចំណតរថយន្ត ចំនួន១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង៕IMG_20211214_110837_284IMG_20211214_110835_630IMG_20211214_110833_097

Comments

Related posts