វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២២ ២១ ២០២១
MC . លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកញ្ជូន និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហើបឱ្យដឹងថា សេចក្តីព្រាង ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលកំពុងរៀបចំជាថ្មីឡើងវិញនោះ នឹងអនុញ្ញាតឱ្យយានយន្តប្រភេទ ដឹកទំនិញ អាចកែច្នៃយកទៅប្រើប្រាស់សម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង។
ថ្លែងក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្តីពីលទ្ធភាពក្នុងការផ្លាស់ប្តូររថយន្តដឹកជញ្ជូនកម្មករនិយោជិតពីប្រភេទរថយន្តទំនិញ មកជារថយន្តដែលមានសុវត្ថិភាពល្អប្រសើរ លោកជំទាវ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងដោះស្រាយឱ្យមានការកែច្នៃរថយន្តប្រភេទដឹកទំនិញដោយមានការរៀបចំជា កៅអីអង្គុយត្រឹមត្រូវ និងមានសុវត្ថិភាព ខណៈលទ្ធភាពឈានទៅរកការផ្លាស់ប្តូរ រថយន្តដឹកជញ្ជូន កម្មករនិយោជិត ពីប្រភេទរថយន្តទំនិញនៅមិនទាន់ធ្វើបានទាំងស្រុង ដោយសារកត្តាសេដ្ឋកិច្ចរបស់ អ្នកបើកបរ និងការចូលរួមវិនិយោគពីរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា។
យោងតាមរបាយការណ៍ពីបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានសិក្សានៅក្នុងឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងចំណោមរថយន្ត ដែលកំពុងផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតទៅមកបំពេញការងារ ដែលមានជិត៤.០០០គ្រឿង គឺមានប្រមាណ៦០ភាគរយ គឺជារថយន្តប្រភេទដឹកទំនិញ ហើយមានអាយុកាលប្រើប្រាស់យូរឆ្នាំ និងចាស់ៗ។
លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ី មានប្រសាសន៍ថា ការគាំទ្រ ចំពោះការជំរុញការផ្លាស់ប្តូររថយន្តដឹកជញ្ជូនកម្មករនិយោជិតពីប្រភេទរថយន្តដឹកទំនិញ មកជា រថយន្តដែលមានសុវត្ថិភាពប្រសើរជាង អាចធ្វើទៅបានដោយការគាំទ្រប្រភពថវិកាពីរាជរដ្ឋាភិបាល វិស័យឯក ដៃគូអភិវឌ្ឍន៍នានា តាមរយៈផ្តល់ថវិកា ឬកម្ចីហិរញ្ញវត្ថុដោយគ្មានការប្រាក់ ឬអត្រាការប្រាក់ ទាប ការលើកលែងពន្ធនាំចូលរថយន្តសម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ការកៀរគរជំនួយពីបរទេស និងការចូលរួមវិនិយោគពីម្ចាស់រោងចក្រ សហគ្រាស ក៏ដូចជាអ្នកបើកបរ និងកម្មករនិយោជិត ជាដើម។
បើតាមការបញ្ជាក់របស់លោកជំទាវ មឹន មាណវី បានឱ្យដឹងថា រាល់សំណើ និងការលើកឡើងនេះ នឹងបញ្ជូនទៅរាជរដ្ឋាភិបាល តាមរយៈសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មកាជាតិសុវត្ថិភាពចរាចរណ៍ ដើម្បីធ្វើការពិចារណា និងរកដំណោះស្រាយ ខណៈក្រុមអ្នករកស៊ីផ្នែកដឹកជញ្ជូនកម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាសវិស័យកាត់ដេរ និងដេរស្បែកជើងនៅកម្ពុជា មិនមានលទ្ធភាពប្រើប្រាស់រថយន្ត ឱ្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដូចនៅតាមតំបន់សេដ្ឋកិច្ចមួយចំនួនដូចជា៖ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង តំបន់សេដ្ឋកិច្ច ពិសេស 7NG ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង ជាដើម៕
Comments