រដ្ឋសភាវៀតណាមនឹងពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចជាបន្ទាន់ក្នុងសម័យប្រជុំវិសាមញ្ញ

 

             វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                    អន្តរជាតិ៖ លោក Bui Van Cuong អគ្គលេខាធិការរដ្ឋសភាវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សភាកំពូលរបស់ ប្រទេសនេះ នឹងប្រមូលផ្តុំគ្នាតាមអ៊ីនធឺណិតចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១១ ខែមករាឆ្នាំក្រោយ សម្រាប់សម័យប្រជុំវិសាមញ្ញលើកដំបូងរបស់ខ្លួន ដើម្បីពិភាក្សាអំពី "បញ្ហាជាបន្ទាន់" ទាក់ទងនឹងការអភិវឌ្ឍន៍ជាតិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោកបានប្រាប់សន្និសីទសារព័ត៌មានថា ជាពិសេសសមាជិកសភាត្រូវបានរំពឹងថានឹងពិនិត្យលើគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ សម្រាប់ការអនុវត្តន៍កម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលជាបញ្ហាបន្ទាន់បំផុតដោយសារការពិបាក និងបញ្ហាប្រឈមដែលបង្កើតឡើង ដោយជំងឺរាតត្បាតកូវីដ-១៩។ លោកបានបន្តថា សមាជិកសភាក៏នឹងពិចារណាលើគោលនយោបាយវិនិយោគ លើការកសាងផ្លូវល្បឿនលឿន ពីជើងទៅត្បូងសម្រាប់រយៈពេល ២០២១-២០២៥ លើគោលនយោបាយ និងយន្តការពិសេសសម្រាប់ការអភិវឌ្ឍន៍ទីក្រុង Can Tho ភាគខាងត្បូង ដែលត្រូវបានគេស្គាល់ថាជាម៉ាស៊ីនកំណើនឈានមុខគេនៅក្នុងតំបន់ដីសណ្ដមេគង្គក្នុងប្រទេស និងលើវិសោធនកម្មច្បាប់ ជាច្រើន ដើម្បីសម្រួលដល់ការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម។ យោងតាមលោក Bui Van Cuong សភានឹងបើកសម័យប្រជុំ តាមរយៈវីដេអូ ដោយសារតែការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ នៅសម័យប្រជុំក្នុងខែវិច្ឆិកា សភាកំពូលរបស់វៀតណាមបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ប្រទេសសម្រាប់ឆ្នាំ ២០២២ នៅចន្លោះពី ៦ ទៅ ៦,៥ ភាគរយ៕IMG_20211231_112102_164

Comments

Related posts