កម្ពុជានៅជួបបញ្ហាប្រឈមកង្វះបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

 

             វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៣.០១.២០២១

                         ភ្នំពេញ ៖ ឯ/ឧ រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា កង្វះបរិមាណបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក នៅតែ ជាបញ្ហាប្រឈម ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន ផ្នែកសាធារណៈ ផ្នែកឯកជន និងផ្នែកអ្នកផលិត ត្រូវតែរួមសហការគ្នា ដើម្បី ដោះស្រាយបញ្ហានេះ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកបរិភោគនាពេលបច្ចុប្បន្ន និងអនាគត ។

ការលើកឡើងបែបនេះរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាពតាមស្តង់ដារការអនុវត្តន៍កសិកម្មល្អកម្ពុជា (CamGAP) កាលពីពេលថ្មីៗនេះ ។

ឯកឧត្តម វេង សាខុន បានមានប្រសាសន៍បន្តថា ក្រសួងនឹងបន្តគាំទ្រ លើកទឹកចិត្ត និងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងអស់ ដែលមានបំណងវិនិយោគក្នុងវិស័យសាកវប្បកម្ម ជាពិសេសនៅក្នុងខ្សែច្រវាក់តម្លៃដំណាំបន្លែសុវត្ថិភាព ដើម្បីជំរុញផលិតកម្មមួយនេះ ឱ្យបាន កាន់តែរីកចម្រើន សំដៅឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ដោយត្រូវជំរុញឱ្យអនុវត្ត CamGAP និង CamOrg ។ 

ឯកឧត្តម បន្តទៀតថា ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាពតាមស្តង់ដារ CamGAP និងជាពិសេសទិសដៅអនុវត្តបន្តដើម្បីអភិវឌ្ឍវិស័យសាកវប្បកម្ម (បន្លែ)ឲ្យស្របតាមស្តង់ដារគុណភាព និងសុវត្ថិភាព លើកកម្ពស់ ប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញខ្សែច្រវាក់តម្លៃ ឱ្យមានវិសាលភាពកាន់តែទូលំទូលាយ ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងបរិយាប័ន្ន ម្យ៉ាងវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនផងដែរ ជូនដល់អគ្គនាយកដ្ឋានកសិកម្ម មន្រ្តីជំនាញ ក្រុមហ៊ុនផលិត ដៃគូអភិវឌ្ឍន៍ ស្ថាប័នមីក្រូហិរញ្ញវត្ថុ សហគមន៍ និងប្រជាកសិករ ៕IMG_20220103_112404_419

Comments

Related posts