រដ្ឋមន្ត្រីក្រសួងកសិកម្មគាំទ្រមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ ដែលបានបង្កើតភាពជាដៃគូដើម្បីជំរុញខ្សែច្រវាក់តម្លៃបន្លែ

 

            វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៣.០១.២០២១

                      ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញពីមោទនភាព ឆន្ទ:គាំទ្រ និងលើកទឹកចិត្តដល់មជ្ឈមណ្ឌល បន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខ្សែច្រវាក់តម្លៃបន្លែ(CamGAP) ខណៈដែលមជ្ឈមណ្ឌលនេះ ពិតជាឆ្លើយតបទៅនឹង អភិក្រម "រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីរួមចំណែកបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជួបនីយកម្មកសិកម្ម នៅកម្ពុជា ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាព តាមស្តង់ដារ ការអនុវត្តន៍កសិកម្មល្អកម្ពុជា (CamGAP) នៅក្នុងស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក កាលពីពេលថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ ថា បច្ចុប្បន្នក្រសួងកសិកម្ម តាមរយៈថវិកាកម្មវិធីរដ្ឋនិងគម្រោងដៃគូមួយចំនួន បាននិងកំពុងជំរុញលើកទឹកចិត្តកសិករឱ្យផលិតបន្ថែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូល និងដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ។ 

លោកឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុនត្រូភីខេម ហ្វ៊ូត អេន វេជីថេប៊ិល ឯ.ក បានឱ្យដឹងថា មជ្ឈមណ្ឌលនេះមានតួនាទី ៖ ១- ជំរុញការដាំដុះ បន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងចាប់ដៃគូជាមួយកសិករ សហគមន៍កសិកម្ម និងបណ្ដុំក្រុមផលិត តាមរយៈកិច្ចសន្យាកសិកម្ម ដោយក្រុមហ៊ុន ផ្តល់ធាតុចូលកសិកម្ម និងបច្ចេកទេស ព្រមទាំងប្រមូលទិញបន្លែទាំងអស់ត្រឡប់មកវិញ ២- ធ្វើការលាងសម្អាត វេចខ្ចប់ រក្សាទុកបន្លែដែល ប្រមូលបាន ទាំងនៅក្នុងមជ្ឈមណ្ឌលនិងតាមកិច្ចសន្យាកសិកម្មជាមួយកសិករគោលដៅតាមខេត្ត ៣- ដឹកជញ្ជូនបន្លែសុវត្ថិភាព តាមរថយន្ត ត្រជាក់ ដាក់តាមផ្សារទំនើបតូច-ធំ និងគេហដ្ឋាន ៤- ធ្វើផែនការទីផ្សារជាក់លាក់ ផ្សារភ្ជាប់ជាមួយផ្សារទំនើប ម៉ាតតូចៗ និងទីផ្សារឯទៀត ៥- ប្រែក្លាយមជ្ឈមណ្ឌលនេះជាកន្លែងបង្ហាញ ពិសោធន៍ស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសទំនើប បែបពាណិជ្ជកម្មដល់សាធារណជន ជាពិសេស ភាគីពាក់ព័ន្ធនឹងអនុវិស័យបន្លែ និង៦- រៀបចំផែនការបង្កើតផ្សារបោះដុំនៅកម្ពុជា បន្ទាប់ពីបន្លែសុវត្ថិភាពមានគុណភាព និងបរិមាណគ្រប់គ្រាន់ បំពេញតម្រូវការក្នុងស្រុក ព្រមទាំងទទួលបានការគាំទ្រ ពីអតិថិជនតាមការបញ្ជាក់ទទួលស្គាល់ជាបន្លែសុវត្ថិភាព ។

លោកឧកញ៉ា បានឱ្យដឹងបន្តថា មជ្ឈមណ្ឌលនេះ បានបោះទុនវិនិយោគជា៣ដំណាក់កាល ៖ ទី១- ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវ ទឹក អគ្គិសនី ទី២- ការសាងសង់ និងដំឡើងផ្ទះសំណាញ់ ថ្នាលបណ្តុះ កូនបន្លែ និងប្រតិបត្តិការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងទី៣- ការសាង សង់ទីតាំងលាងសម្អាត វេចខ្ចប់ និងរក្សាទុកបន្លែក្នុងទូត្រជាក់ ។

សូមជម្រាបថា កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុននេះ បានចុះ MOU ជាមួយអគ្គនាយកដ្ឋានកសិកម្ម ស្ដីពីកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍន៍មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ ដោយប្រើប្រាស់ដីទំហំ៦ហិកតា នៅក្នុងបរិវេណស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក ៕IMG_20220103_112404_419-1

Comments

Related posts