វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៣.០១.២០២១
ភ្នំពេញ ៖ រយៈពេល១២ខែឆ្នាំ២០២១ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជិត៥ពាន់លានដុល្លារអាមេរិក ដែលមានបរិមាណសរុប ជាង៧លានតោន ។
យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា តាមរយៈនៃការបូកសរុប ជាបឋម គឺតម្លៃនៃការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់គោលដៅទីផ្សារក្រៅប្រទេស ក្នុងរយៈពេល១២ខែឆ្នាំ២០២១ មានចំនួន ៤ ៩៦៧ ៨៥២ ៧១៣ដុល្លារអាមេរិក ដែលក្នុងនោះរួមមាន ៖ ការនាំចេញអង្ករចំនួនជាង ៥០០លានដុល្លារអាមេរិក ស្រូវចំនួនជាង ៦៣១ លានដុល្លារ អាមេរិក កសិផលក្រៅពីស្រូវ-អង្ករចំនួនជាង ៣ ១៦៤ លានដុល្លារអាមេរិក កៅស៊ូធម្មជាតិចំនួនជាង ៦០០លានដុល្លារអាមេរិក ឈើកៅស៊ូចំនួន ជាង១លានដុល្លារអាមេរិក ឈើអារនិងសត្វស្វាជាង ៣៥ លានដុល្លារអាមេរិក ត្រីគ្រប់ប្រភេទជាង ៤លានដុល្លារអាមេរិក ។
យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសមានបរិមាណសរុប ៧ ៩៨៤ ២៥១ តោន ទៅកាន់ទិសដៅ៦៨ប្រទេស គឺមានការកើនឡើងចំនួន ៣ ១១០ ៧៩០ តោនស្មើនឹង ៦៣,៨៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២០ ដែលទទួលបានត្រឹមតែ ៤ ៨៧៣ ៤៦១ តោន។
កសិផលសំខាន់ៗដែលបាននាំចេញ រួមមាន ៖ អង្ករធម្មតា អង្ករក្រអូបគ្រប់ប្រភេទ ស្រូវ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្ដែកបាយ គ្រាប់សណ្តែកសៀង ផ្លែចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែចម្រុះ ម្ទេសស្រស់ ម្ទេសក្រៀម និងផលិតផលចំនួន៩៥មុខផ្សេងទៀត ៕
Comments