កូរ៉េខាងត្បូងនឹងជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេ តភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ

 

           វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៣.០១.២០២២

                     កោះកុង៖ ប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍ថា កូរ៉េខាងត្បូងនឹងជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេ តភ្ជាប់ពីភ្នំពេញ ទៅអរិយក្សត្រ ខណៈដែលភាគីកូរ៉េខាងត្បូងបានដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យនិងសម្រេច លើការកំណត់ទីតាំងនិងទ្រង់ទ្រាយ របស់ស្ពាននេះហើយ ។

ក្នុងពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ តភ្ជាប់ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុង ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលស្ពានថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ រាជធានីភ្នំពេញ និងតំបន់អរិយក្សត្រ ខណៈដែលស្ពាននេះនឹងរួមចំណែកជួយសម្រួលចរាចរណ៍ នឹងអាចក្លាយជាកន្លែងទាក់ទាញទេសចរក្នុងរាជធានីភ្នំពេញ ជាពិសេសនឹងជួយឱ្យតំបន់នោះ ក្លាយទៅជាទីក្រុងរណបនាពេលខាងមុខ ។

សម្ដេចបញ្ជាក់ថា ៖ «អម្បាញ់មិញឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងអំពីសំណើរបស់ខ្ញុំ និងការសម្រេចចិត្តរបស់កូរ៉េ ដែលនឹងកសាង ស្ពានមិត្តភាពកម្ពុជា-កូរ៉េមួយនៅទីក្រុងភ្នំពេញតែម្ដង សូមអរគុណណាស់ ហើយសូមអបអរសាទរទាំងអស់គ្នា ថាយើងនឹងបានស្ពាននេះ ប្រើប្រាស់ មានស្ពានមិត្តភាពកម្ពុជា-កូរ៉េមួយ ដែលតភ្ជាប់រវាងភ្នំពេញជាមួយនឹងអរិយក្សត្រ ម្ដុំស្វាយជ្រុំ ខ្ញុំមិនសូវច្បាស់ដែរ ប៉ុន្តែយ៉ាងណា ក៏ដោយ ការដែលអគ្គរដ្ឋទូតគាត់ហ៊ាននិយាយបែបនេះ គឺយើងសង្ឃឹមថាយើងនឹងធ្វើបានជាមួយនឹងស្ពាននេះ ហើយពេលនោះវា រុញទៅឱ្យ មានការរីកចម្រើនទៅខាងម្តុំល្វាឯមនៅត្រើយម្ខាងថែមទៀត ដែលនឹងក្លាយទៅជាទីក្រុងរណបនៅខាងនោះ គឺខ្ញុំបានស្នើសុំទៅលើបញ្ហានេះ » ។

ឯកឧត្តម ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានការសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ដោយធ្វើឡើង ឆ្លើយតបនឹងសំណើជាចំហរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានជួសជុលកែលម្អផ្លូវជាតិលេខ២ និងលេខ២២ កាលពីខែកុម្ភៈ ឆ្នាំ២០២០ ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ និងបានបញ្ជូនរបាយកាណ៍លទ្ធផល ជូនរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ហើយផ្អែកលើរបាយការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើការសម្រេចលើទីតាំងសាងសង់និង ទ្រង់ទ្រាយរបស់ស្ពានជាដើម ៕IMG_20220103_113146_742

Comments

Related posts