វិទ្យុជាតិកម្ពុជា៖ ម៉ៅ សុខរីម
ភ្នំពេញ៖ ចំនួនប្រជាពលរដ្ឋកាន់តែច្រើនបានចាប់អារម្មណ៍លើការដាំប្រទាលដើម្បីលម្អគេហដ្ឋាន ដោយសារតែប្រទាល ប្រភេទនេះងាយស្រួលដាំ និងស្រស់ស្អាត ។
លោកស្រី លឹម លក្ខិណា ម្ចាស់កសិដ្ឋានបណ្ដុះប្រទាលលម្អ ស្ថិតនៅក្នុង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិ កម្ពុជាឱ្យដឹងថា កសិដ្ឋានបណ្ដុះប្រទាលរបស់លោកស្រីមានភ្ញៀវមកទិញទៅដាំ ក៏ដូចជាយកទៅលក់បន្តនៅតាមគេហដ្ឋានជាហូរហែ ដោយសារ តែពូជប្រទាលនេះមានភាពស្រស់ស្អាត ហើយជាប្រទាលនាំចូលពីក្រៅប្រទេស។
លោកស្រីបន្តថា ប្រទាលនេះជាប្រទាលមួយប្រភេទដែលនាំលាភសំណាងចូលផ្ទះ មានរូបរាងស្រស់ស្អាតហើយធន់នឹងអាកាសធាតុ ងាយស្រួលដាំ មិនត្រូវការស្រោចទឹកថែទាំច្រើនដូចប្រភេទរុក្ខជាតិផ្សេងទៀតទេ។
លោកស្រីបានឱ្យដឹងទៀតថា មូលហេតុដែលលោកស្រីបើកកសិដ្ឋានបណ្ដុះប្រទាលលម្អ ដែលនាំចូលពីក្រៅប្រទេសនេះ គឺដោយសារ ការស្រឡាញ់ និងចង់ចែករំលែកឱ្យប្រជាពលរដ្ឋបានដាំផង ខណៈ ដែលបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកាន់តែមានចំនួនច្រើន ចាប់អារម្មណ៍ លើការដាំប្រទាលលម្អនៅក្នុងផ្ទះ និងការិយាល័យ ដើម្បីជួយបន្សុទ្ធខ្យល់និងកាត់បន្ថយស្ត្រេស។
លោកស្រីបន្តថា « វាមានអត្ថប្រយោជន៍ខ្ញុំយាយធំៗហ្នឹងគឺមានពីរ ទីមួយទាក់ទងនឹងសម្រស់របស់វា ពណ៌សម្បុរ រូបរាងវា គឺជួយកាត់ បន្ថយស្ត្រេស កាលណាយើងដាំប្រទាលនៅក្នុងផ្ទះអ៊ីចឹងទៅ យើងដាក់តាំងនៅក្នុងផ្ទះឱ្យវាស្អាតៗអ៊ីចឹងទៅ យើងចេញយើងចូល មិនថា ក្នុងផ្ទះឬការិយាល័យចេញចូលគឺធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយ កាត់បន្ថយស្ត្រេស ហើយនិងមួយទៀតវាជួយបន្សុទ្ធបរិយាកាស ហើយនៅក្នុងបរិយាកាសយើងនឹងវាមានខ្យល់ពុលម៉ាចំនួនដែលយើងដកទៅអាចប៉ះពាល់សុខភាពអ៊ីចឹងពួករុក្ខជាតិ ហ្នឹងវាជួយបន្សុទ្ធ»។
ម្ចាស់កសិដ្ឋានរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលដាំប្រទាលលម្អ គួរស្វែងយល់ពីរបៀបដាំ ឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យខុសបច្ចេកទេស ធ្វើឱ្យខាតបង់ថវិកា ជាពិសេសសូមឱ្យប្រជាពលរដ្ឋទាំងអស់ បើមានចិត្តចង់ដាំគួរដាក់ចិត្តស្រឡាញ់នឹងថែទាំឱ្យបានដិតដល់ ទើបប្រទាលមាន អាយុកាលរស់បានយូរ។
សូមបញ្ជាក់ថា «កសិដ្ឋានខ្រូលវីនលើប» បង្កើតនៅឆ្នាំ២០២០ដែលមានប្រទាលលម្អប្រមាណជាង៦០០០ដើម មាន៤ប្រភេទ គឺ ប្រទាលផ្កាថ្ម ប្រទាលដំបងយក្ស ប្រទាលស្លឹក រុក្ខជាតិស៊ីខ្យល់ និងមានតម្លៃចាប់ពីមួយ១ដុល្លារ ,២៥ដុល្លារ , រហូតដល់៦០ដុល្លារ ក្នុងមួយដើម តាមពូជ នីមួយៗ៕
Comments