ប្រមុខការទូតថ្លែងបាឋកថា ស្តីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ដល់អ្នកតាមដានអន្តរជាតិជាច្រើន 

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៤ ០១ ២០២២

 

ភ្នំពេញ៖  ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣ ខែមករា បានថ្លែងបាឋកថា ស្តីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ដល់អ្នកតាមដានអន្តរជាតិជាច្រើន ក្រោយកម្ពុជាបានក្លាយជាប្រធានអាស៊ានផ្លូវការ លើកទី៣ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ។

 

ឯកឧត្តម ប្រាក់ សុខុន តាមរយៈ ហ្វេសប៊ុកផ្លូវការ បានបញ្ជាក់ថា បន្ទាប់ពីសម្រាកពីការងារបានពីរថ្ងៃ ឯកឧត្តមរីករាយដែលបានថ្លែងបាឋកថា ស្តីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ដែលរៀបចំឡើងដោយវិទ្យាស្ថាន ISEAS-Yusof Ishak តាមប្រព័ន្ធវីដេអូ។

 

ប្រមុខការទូតកម្ពុជាបន្តថា កម្រង បាឋកថាទាំងអស់នេះបានចូលរួមផ្សព្វផ្សាយពីអាស៊ានទៅសហគមន៍អ្នកសិក្សា ដែលមានអ្នកតាមដានអន្តរជាតិជាច្រើន ចាប់ពីក្រុមយុវជនដល់វ័យចំណាស់។ ឯកឧត្តមបានឆ្លៀតឱកាសនេះ ដើម្បីបង្ហាញពីប្រធានបទដែលយើងបានជ្រើសរើស បញ្ហាប្រឈមធំៗ ចំណុចអាទិភាពសំខាន់ៗ ព្រមទាំងកត្តាមួយចំនួនដែលយើងរំពឹងទុកក្នុងឆ្នាំនេះ។

 

ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកមូលបទ អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ មូលបទនេះ បង្ហាញពីការខិតខំប្រឹងប្រែង លើកកម្ពស់ស្មារតីអាស៊ានជាគ្រួសាររួបរួមគ្នាតែមួយ ដែលមានសមាជិកដប់ប្រទេសប្រកបដោយស្មារតីរឹងមាំ ទាំងអស់រួមគ្នា ក្នុងការធ្វើសកម្មភាពរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមគ្នា ដើម្បីរួមចំណែកប្រកបដោយការស្ថាបនាបន្ថែមទៀតដល់ការថែរក្សា និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។

 

ទោះជាយ៉ាងនេះក្តី ទន្ទឹមគ្នានឹងការធ្វើជាប្រធានអាស៊ាននេះ កម្ពុជាបានមើលឃើញពីចង្កោមចំនួន៤ នៃបញ្ហាប្រឈម រួមមាន តម្រូវការចាំបាច់បន្ទាន់ ដើម្បីសម្រេចបាននូវការស្តារ សេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សពីផលប៉ះពាល់នៃជំងឺ រាតត្បាតកូវីដ-១៩ សម្ពាធដ៏ធ្ងន់ធ្ងរដែលកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ, បញ្ហាប្រឈមផ្នែកសន្តិសុខ ទាំងជាប្រពៃណី និងមិនមែនជាប្រពៃណីដែលមានស្រាប់ និងបញ្ហាប្រឈមផ្ទៃក្នុង និងនៅក្នុងស្ថាប័ន របស់អាស៊ាន។

 

ចំណែកឯ អាទិភាពនានារបស់អាស៊ាន នៅឆ្នាំ២០២២ ត្រូវបានកំណត់ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ នៅក្នុងន័យនេះ អាទិភាពសំខាន់ៗ ក្រោមសសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សម្រាប់អាស៊ាន សម្រាប់ឆ្នាំ២០២២ ដែលរួមមាន ការថែរក្សា និងពង្រឹងមជ្ឈភាពអាស៊ាន សម្រាប់សន្តិភាព និងវិបុលភាព ការលើកកម្ពស់ការចូលរួមចំណែកតំបន់ចំពោះសន្តិភាពពិភពលោក និងបង្កើនសន្ទុះ និងពង្រីកភាពជាដៃគូជាមួយដៃគូខាងក្រៅ៕IMG_20220104_095216_567IMG_20220104_095219_189

Comments

Related posts