ក្រសួងពាណិជ្ជកម្ម ជូនដំណឹងដល់ក្រុមហ៊ុន សមាគមដឹកទំនិញនាំចេញ-នាំចូល ពាក់ព័ន្ធនឹងការបញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន

 

 

វិទ្យុជាតិកម្ពុជា ៖  ស៊ឹង សុផារី ០៤.០១.២០២២

 

ក្រសួងពាណិជ្ជកម្ម បានជូន ដំណឹងដល់ក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកទំនិញនាំចេញ-នាំចូល ត្រូវពិនិត្យលទ្ធភាពរកមធ្យោបាយនិងវិធីនាំចេញផ្សេង ដើម្បីចៀសវាងហានិភ័យនិងបញ្ហានានាដែលបណ្តាលមក ពីការកកស្ទះ តាមរយៈការបញ្ជូន ទំនិញឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន តាមច្រកព្រំដែនគោករវាងប្រទេសវៀតណាម និងប្រទេសចិន។

 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ដោយប្រឈមនឹងស្ថានភាពដ៏ស្រួចស្រាវនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី “អូមីក្រុង” ដែលមានហានិភ័យខ្ពស់ ធ្វើឲ្យបណ្តាប្រទេសក្នុងតំបន់និងសកលលោក ចាប់ផ្តើមដាក់ចេញនូវវិធានការរឹតបន្ដឹងផ្នែកសុខាភិបាល និងរឹតត្បិតការធ្វើដំណើរចេញ-ចូលនិងឆ្លងកាត់ សំដៅបង្ការនិងទប់ស្កាត់ការរីករាលដាលជាយថាហេតុ។

 

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឲ្យដឹងថា សកម្មភាពនាំចូល និងនាំចេញទំនិញនៅច្រកព្រំដែនវៀតណាមនិងចិន បានជួបប្រទះការកកស្ទះយ៉ាងខ្លាំង ជាពិសេស នៅច្រកទ្វារព្រំដែនខេត្ត Lang Son និងខេត្តQuang Ninh ដែលបណ្តាលជាចម្បងមកពីការរឹត បន្តឹងវិធានការបង្ការការរីករាលដាលជំងឺកូវីដ-19 របស់ប្រទេសចិនក្រោមគោលនយោបាយ -Zero Covid”។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បាន

បញ្ជាក់បន្តថា គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងខេត្តទាំងពីរខាងលើ មានរថយន្តប្រមាណជាង៦០០០គ្រឿង កំពុងរង់ចាំការនាំចេញទៅកាន់ប្រទេសចិន ។ តាមការវាយតម្លៃជារួម ឃើញថា បរិមាណទំនិញដែលអាចនាំចេញបាននៅតាមច្រកព្រំដែនសំខាន់ៗមួយចំនួនជាមួយប្រទេសចិនមានចំនួនត្រឹមតែ ២៥-៣០ភាគរយប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងលក្ខខណ្ឌនាំចេញធម្មតា។

 

លើសពីនេះ ច្រកទ្វារព្រំដែនមួយចំនួនទៀតនៅតែបន្តផ្អាកដំណើរការគយជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។

 

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនិងក្រសួង-ស្ថាប័នពាក់ព័ន្ធ កំពុងពិនិត្យនិងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ នូវការវិវត្តន៍នៃសភាពការណ៍នេះ ហើយនឹងជម្រាបជូនអំពីព័ត៌មានជាបន្តបន្ទាប់ទៀត ៕IMG_20220104_095425_238

Comments

Related posts