អភិបាលខេត្តកំពង់ចាម បញ្ជាមន្ត្រីជំនាញចុះកំណត់ដីចំណីផ្លូវ នៅទូទាំងខេត្ដឱ្យបានច្បាស់លាស់

 

វិទ្យុជាតិកម្ពុជា÷លោក ជួន បូណា

 

កំពង់ចាម: អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យមន្ត្រីជំនាញចុះកំណត់ដីចំណីផ្លូវនៅទូទាំងខេត្ដឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យមានការសាងសង់ និងលក់ដូរនៅលើដីចំណីផ្លូវបន្ដទៀត។

ថ្លែងក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម កាលរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងរដ្ឋបាលក្រុង-ស្រុក ត្រូវកំណត់ដីចំណីផ្លូវ ឱ្យបានច្បាស់លាស់ តាមផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ ក្នុងខេត្តកំពង់ចាម ស្របតាមច្បាប់ផ្លូវថ្នល់នៃ ព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការកំណត់ដីចំណីផ្លូវ ឱ្យបានច្បាស់លាស់នេះ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋ ក្នុងការ សាងសង់សំណង់លើដីចំណីផ្លូវ ដើម្បីចៀសវាងនៅពេលមានការសាងសង់ និងពង្រីកផ្លូវមានការ ពិបាក និងប៉ះពាល់ដល់សំណង់ទាំងនោះ ។ជាពិសេស រៀបចំសណ្តាប់ធ្នាប់ និងការប្រើប្រាស់ ចិញ្ចើមថ្នល់ និងផ្លូវថ្នល់សាធារណៈ បម្រើឱ្យការលក់ដូរ និងដាក់តាំងទំនិញ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបង្កគ្រោះថ្នាក់ជាយថាហេតុ ដល់អ្នកដំណើរអ្នកថ្មើរជើង និងអ្នកធ្វើចរាចរណ៍ឆ្លងកាត់ ។ 

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវបន្តពង្រឹងការងារស្ថាបនា ស្តារ ជួសជុល ពង្រីក និងថែទាំជាប្រចាំ ផ្លូវ ស្ពាន លូ ប្រកបដោយគុណភាព សំណង់ សោភ័ណភាពសំណង់ និងសុវត្ថិភាពសំណង់ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើចរាចររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ដែល បង្កដោយកត្តាអ្នកប្រើប្រាស់ផ្លូវ និងកត្តាផ្លូវថ្នល់៕IMG_20220104_094548_389IMG_20220104_094551_824

Comments

Related posts