ផ្លូវឃុំត្រាងពុំទាន់កសាងជាផ្លូវកៅស៊ូតាមសំណូមពរពលរដ្ឋនោះទេ ខណៈផ្លូវនេះនឹងត្រូវជួសជុលធម្មតាសិន

 

 

វិទ្យុជាតិកម្ពុជា ៖ បានធារ៉ា វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

 

បាត់ដំបង៖ ផ្លូវមួយខ្សែចុះពីផ្លូវជាតិលេខ៥៩ ទៅកាន់ភូមិភ្នំមួយរយ ដែលមានប្រវែងប្រមាណ ១៤គីឡូម៉ែត្ររដ្ឋបាលស្រុកពុំទាន់មានសមត្ថភាពដើម្បីកសាងជាផ្លូវកៅស៊ូនៅឡើយទេ ហើយផ្លូវមួយខ្សែនេះនឹងត្រូវជួសជុលតាមធម្មតា។ នេះបើតាមការលើកឡើងរបស់លោក សុខ គីមខុន អភិបាលស្រុកកំរៀង។

 

ថ្លែងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចំការចេកបាត់ដំបងនាថ្ងៃទី៣ ខែមករា ឆ្នាំ២០២២លោក សុខ គីមខុន អភិបាលស្រុកកំរៀងបានឱ្យដឹងថា ផ្លូវមួយខ្សែដែលចាប់ពី ចំណុចផ្លូវបំបែកផ្លូវជាតិលេខ៥៩ ឆ្ពោះទៅកាត់ភូមិភ្នំមួយរយ រដ្ឋបាលស្រុកបានជួសជុលកាលពីឆ្នាំ២០២០ជាគ្រួសក្រហមដូច្នេះអាយុកាលនៃការប្រើប្រាស់ផ្លូវនេះគឺមិនអាចលើសពី ១ឆ្នាំឡើយនឹងមានការខូចខាតទៀត ។ លោកបន្តថា ចំពោះផ្លូវនេះ គឺជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានចាប់យកជាគម្រោងអាទិភាពកាលពីឆ្នាំ២០១៩ ត្រូវបានក្រសួងជួសជុលមករួចម្ដងហើយ តែការជួសជុលបានល្អស្អាតត្រឹមតែរយៈពេល ២ឆ្នាំប៉ុណ្ណោះ។ លោកថា «ជាក់ស្ដែងផ្លូវមួយខ្សែនេះថ្វីដ្បិតតែធ្វើដំណើរទៅរលាក់មែន ប៉ុន្តែគឺពុំទាន់មានការជួបផលលំបាកខ្លាំងនោះទេ»។

 

លោកអភិបាលស្រុកបន្ថែមថា គ្រប់គម្រោងថវិការបស់ឃុំ ស្រុក គឺមិនអាចយកទៅអភិវឌ្ឍន៍ ឬធ្វើអ្វីមួយនៅតែក្នុងភូមិឃុំ ដដែលៗនោះទេ ខណៈកាលពីឆ្នាំ២០២០រដ្ឋ បាលស្រុកបានយកថវិកាទៅអភិវឌ្ឍន៍នៅក្នុងឃុំត្រាង ហើយឆ្នាំ២០២១គឺយកថវិកាទៅអភិវឌ្ឍន៍នៅឃុំអូរដាផងដែរ។ លោកបញ្ជាក់ថា សម្រាប់ផ្លូវមួយខ្សែនេះគោលការណ៍របស់ក្រសួងគឺបានបញ្ចូលទៅការអភិវឌ្ឍជាផ្លូវកៅស៊ូ តែដោយសារនៅទូទាំងប្រទេសត្រូវអភិវឌ្ឍន៍ច្រើនទើបមិនទាន់ឈានមកដល់ចំណុចនេះ។

 

លោក សុខ គីមខុន ក៏បានឱ្យដឹងផងដែរថា ក្នុងឆ្នាំ២០២២ នេះក្រសួងអភិវឌ្ឍន៍ជនបទបានចាប់គម្រោងយកផ្លូវ ២ខ្សែដែលមានផ្លូវក្នុងឃុំត្រាង និងផ្លូវឃុំអូរដា ស្រុកកំរៀង ដើម្បីអភិវឌ្ឍន៍ តែពុំទាន់បានកំណត់ថា កសាង ឬជួសជុលទៅជាផ្លូវកៅស៊ូនៅឆ្នាំណានៅឡើយនោះទេ។

 

ពាក់ព័ន្ធនឹងបញ្ហាផ្លូវនេះប្រជាពលរដ្ឋ ក្នុងឃុំត្រាង ស្រុកកំរៀង បានស្នើដល់អាជ្ញាធរពាក់ព័ន្ធពិនិត្យ មើលផ្លូវចុះពីផ្លូវជាតិ ទៅកាន់ភូមិភ្នំមួយរយ ដោយសារផ្លូវមានកែងច្រើនបាំងព្រៃ ដីហុយ និងគ្មានផ្លាកសញ្ញាចរាចរណ៍ ដូច្នេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធសម្រួលជូនដល់ប្រជាពលរដ្ឋ នូវបញ្ហានេះដើម្បីសុវត្ថិភាពរួម ជាពិសេសផ្លាកសញ្ញាតាមតំបន់  វត្តអារាម សាលារៀន និងផ្លូវកែងដែលបង្កគ្រោះថ្នាក់ញឹកញាប់បំផុត។

 

ឆ្លើយតបទៅនឹងការសំណូម ពររបស់ប្រជាពលរដ្ឋលោក សុខ គឹមខុន អភិបាលស្រុកកំរៀងបានលើកឡើងថា ជាទូទៅការសាងសង់ផ្លូវក្នុងភូមិ ភាគច្រើនគឺតែងតែមានកែងច្រើន ពុំសូវមានផ្លូវត្រង់នោះទេ ហើយសម្រាប់ផ្លូវអភិវឌ្ឍន៍ឃុំគឺពុំទាន់មាន កំណត់ដាក់ផ្លាកសញ្ញាដូចផ្លូវជាតិនៅឡើយទេ ។ លោកបន្តថា ចំពោះបញ្ហាមានព្រៃបាំងតាមកែងផ្លូវ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ដោយបញ្ឈប់ការដាំដើមឈើតាមចញ្ចើមផ្លូវដែលបាំងផ្លូវអ្នកធ្វើដំណើរបន្តទៀតផងដែរ។

 

ចំពោះបញ្ហាផ្លូវនេះ ប្រជាពល រដ្ឋជាង ១ ០០០គ្រួសារ នៅ៣ ភូមិ ក្នុងឃុំត្រាង ស្រុកកំរៀងបានទទូចសំណូមពរទៅកាន់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធសូមជួយសាងសង់ផ្លូវមួយខ្សែដែលមានប្រវែងប្រមាណ ១៤គីឡូម៉ែត្រនេះឱ្យបានឆាប់រហ័សដើម្បីបង្កលក្ខណ: ងាយស្រួលធ្វើដំណើរ និងមានភាពងាយស្រួលដឹកអ្នកជំងឺមានអាការៈធ្ងន់ធ្ងរត្រូវការសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ ក៏ដូចជាបង្កភាពងាយស្រួលដល់សិស្សានុ សិស្សបានធ្វើដំណើរទៅសិក្សាទាន់ពេលវេលា កុំឱ្យមានជួបបញ្ហាបែកកង់ម៉ូតូញឹកញាប់៕IMG_20220105_174847_459IMG_20220105_174849_632IMG_20220105_174854_317IMG_20220105_174857_780IMG_20220105_174906_421

Comments

Related posts