វិទ្យុជាតិកម្ពុជា ៖
លោកជំទាវ ខៀវ ទេព រង្សី កាញារីទ្ធ មានប្រសាសន៍ថា៖ ការធ្វើទានជាអំណោយដល់សិស្សានុសិស្សនិងអ្នកគ្រូ នៅសាលាបឋមសិក្សាប៉ាក់ណាម ក្នុងឃុំ ពាមប្រធ្នោះស្រុកកោះសូទិន ខេត្តកំពង់ចាមនៅថ្ងៃទី៤ខែមករានេះ គឺដើម្បីចូលរួមឧទ្ទិសកុសលផលបុណ្យ ជូនចំពោះមហាឧបាសក ខៀវ ថន មហាឧបាសិកា ឡោ លាងហ័ង ដែលលោកទាំងពីរ បានចែកឋានទៅកាន់បរលោកខាងមុខហើយ។
ស្ថិតក្នុងឱកាសនោះដែរ លោកជំទាវ ខៀវទេពរង្សី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ជូនចំពោះបងប្អូនប្រជាពលរដ្ឋ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវចេះស្រឡាញ់គ្នា និងសាមគ្គីគ្នា ដើម្បី ភាពរីកចម្រើនបន្តទៅទៀត និងត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ១៩ តាមរយៈ ការអនុវត្តន៍តាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការបន្តអនុវត្តវិធានសុខាភិបាល ៣ការពារ និង៣កុំ ដើម្បីចៀសផុតពីជំងឺកូវីដ ១៩ដ៏កាចសាហាវនេះ ទាំងអស់គ្នា ។
នាឱកាសនោះ លោកជំទាវ ខៀវ ទេពរង្សី កាញារីទ្ធ រួមជាមួយនឹងសប្បុរសជន បាននាំអំណោយរបស់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែកជូនក្មួយៗសិស្សានុសិស្ស និងអ្នកគ្រូ នៅសាលាបឋមសិក្សាប៉ាក់ណាម ក្នុងនោះមាន ៖ ប៊ិកខៀវ និងប៊ិកក្រហម ២០០ដើម អាវរងារ ចំនួន ០៤ ភួយចំនួន ០៤ ជែលលាងដៃចំនួន ៦០ដប ម៉ាស់ ចំនួន ២.៥០០ម៉ាស់ ប្រដាប់ក្មេងលេង ១ឈុត សម្លៀកបំពាក់ និងប្រដាប់ប្រដារបស់សិស្សានុសិស្សមួយចំនួន ។ ដោយឡែក អំណោយ និងថវិកា របស់បងប្អូនកូនចៅ នៃមហាឧបាសក ខៀវ ថន មហាឧបាសិកា ឡោ លាងហ័ង បានចែកជូនក្មួយៗសិស្សានុសិស្ស ចាប់ពីថ្នាក់ទី១រហូតដល់ ថ្នាក់ទី ៦ ក្នុងម្នាក់ៗ ទទួលបាន សម្លៀកបំពាក់ និងសម្ភារៈសិក្សាមួយចំនួន រួមជាមួយនឹងថវិកាចំនួន ៥ពាន់រៀល ។ ក្រៅពីនោះ ក៏បានឧបត្ថម្ភថវិកា ដល់អ្នកគ្រូ ចំនួន ០៤នាក់ ក្នុងម្នាក់ៗ ២០ម៉ឺនរៀល ផងដែរ ៕
Comments