វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ សាខាពន្ធដារខេត្តកំពង់ឆ្នាំង នៅឆ្នាំ២០២១នេះ សម្រេចប្រមូលពន្ធគ្រប់ប្រភេទបានប្រមាណជាង១៩ពាន់លាន រៀល នេះបើតាមការបញ្ជាក់របស់លោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់កាលនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ។
លោកវង្ស ឌីណា ប្រធានសាខាពន្ធដារបានឱ្យដឹងថា រយៈពេល១២ខែ នៃឆ្នាំ២០២១ គឺចាប់ពីខែមករា មកដល់ខែធ្នូ សាខាពន្ធដារខេត្តកំពង់ឆ្នាំង បានប្រមូលពន្ធលើមធ្យោបាយគ្រប់ប្រភេទបានប្រមាណជាង ១៩ ០០៨ ០៤០ ៣៣៦ រៀល ស្មើនឹងជាង ១៨៦,៥៧ភាគរយនៃផែនការ ជាង១ម៉ឺន១៨៨លានរៀល។ ក្នុងនោះចំណូលថវិកាជាតិប្រមូលបានចំនួន៧៩០២.១៤៣.៤១៧រៀល ស្មើនិង១៣១,៧៧ភាគរយ នៃផែនការ៦០០០ លានរៀល ។ ដោយឡែកចំណូលថវិកាថ្នាក់ក្រោមជាតិ ទទួលបាន១១ ១០៥ .៨៩៦.៩១៩រៀល ។
លោកប្រធានសាខាពន្ធដារខេត្ត បានឱ្យដឹងទៀតថា ប្រាក់ពន្ធដែលប្រមូលបានគឺមាន ពន្ធលើប្រាក់បៀវត្ស ពន្ធប្រថាប់ត្រា ពន្ធលើរំដោះលើប្រាក់ចំណេញនីតិបុគ្គល ពន្ធផាកពិន័យ និង ទោសបញ្ញត្តិ សារពើពន្ធ ពន្ធអចលនទ្រព្យ ពន្ធអាករលើតម្លៃបន្ថែម ពន្ធអាករបំភ្លឺសាធារណៈ អាករស្នាក់នៅ ពន្ធប៉ាតង់ និង ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ។
លោក វង្ស ឌីណា បានឱ្យដឹងថា មូលហេតុដែលជំរុញឱ្យការប្រមូលពន្ធ មានការកើនឡើង នេះគឺដោយសារបច្ចុប្បន្នប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើនអំពីកាតព្វកិច្ចបង់ពន្ធគ្រប់ប្រភេទ ពួកគាត់បាននាំគ្នាចូលមកបង់ពន្ធនៅតាមសាខាពន្ធដារ និង តាមធនាគារដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ ។ ក្រៅពីនេះសាខាពន្ធដារ ក៏បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងបើកសិក្ខាសាលាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគិន ស្តីពីកាតព្វកិច្ចបង់ពន្ធ ពួកគាត់មានការយល់ដឹងកាន់តែច្បាស់ ចូលមកបង់ពន្ធមានការកើនឡើងជារៀងរាល់ឆ្នាំ ។
លោកប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង បានឱ្យដឹងទៀតថា ដើម្បីធានាបានការប្រមូលពន្ធកាន់តែច្រើនឡើងលើសផែនការនោះ គឺបន្តអនុវត្តពង្រឹងក្រមសីលធម៌មន្រ្តីពន្ធដារឱ្យកាន់តែប្រសើរឡើង បន្តពង្រឹង និងកែលម្អការផ្ដល់សេវាសាធារណៈជូនអ្នកជាប់ពន្ធ ពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋានក្នុងការប្រមូលពន្ធ លើអចលនទ្រព្យ បន្តពង្រឹងកម្មវិធីផ្សព្វផ្សាយ និង លើកកម្ពស់វប្បធម៌បង់ពន្ធ កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបតាមផែនការ៕
Comments