វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៦.០១.២០២២
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា យោងតាមរបាយការណ៍ ដែលក្រសួងទទួលបានពីអង្គភាព ទាំង៥ នៅថ្ងៃទី០៥ខែមករាឆ្នាំ២០២២ បានឱ្យដឹងថា តម្លៃផលិតផលកសិកម្មសរុប និងការនាំចេញផលិតផលកសិកម្មសម្រាប់ឆ្នាំ២០២១ មានការកើនឡើងល្អប្រសើរ ។ ឯកឧត្តមបានបន្តថា តម្លៃផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ២០២១ មានទំហំ ១៨ ០៦៣ ១៣៥ ១៧៩ ដុល្លារអាមេរិក មានកំណើន ៤៣,៣៩ភាគរយ ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុប ក្នុងឆ្នាំ២០២០ ។ តម្លៃផ្នែកដំណាំមានទំហំ ១០ ៥៦៧ ០០០ ០០០ ដុល្លារអាមេរិក ផ្នែកផលិតកម្មសត្វ ៥ ១០០ ០០០ ០០០ ដុល្លារអាមេរិក ផ្នែកផលិតផលជលផល ១ ៧១២ ៨០០ ០០០ ដុល្លារអាមេរិក ផ្នែកព្រៃឈើ ៧៨ ៦៣៦ ៩៦៣ ដុល្លារអាមេរិក ផ្នែកកៅស៊ូ ៦០៤ ៦៩៨ ២១៦ ដុល្លារអាមេរិក ។
ឯកឧត្តមបានបន្តទៀតថា តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ ២០២១ មានទំហំ ៥ ០៣៨ ៧០៩ ៧៦០ លានដុល្លារអាមេរិក មានកំណើន ២៤,៧៨% ធៀបទៅនឹងការនាំផលិតផលកសិកម្ម ឆ្នាំ២០២០ ។ តម្លៃផ្នែកដំណាំមានចំនួន ៤ ៣២៣ ៧១៩ ៣០០ ដុល្លារអាមេរិក ផ្នែកផលិតកម្មសត្វ ៤៥ ៧៩០ ៨១០ ដុល្លារអាមេរិក ផ្នែកផលិតផលជលផល ៤ ០៩៩ ៥៣០ ដុល្លារអាមេរិក ផ្នែកព្រៃឈើ ៦០ ៤០១ ៩០៤ ដុល្លារអាមេរិក និង ផ្នែកកៅស៊ូ ៦០៤ ៦៩៨ ២១៦ ដុល្លារអាមេរិក ៕
Comments