កសិដ្ឋានតុកកែញញឹម បានក្លាយជាតំបន់មួយកំពុងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តមិនចេះដាច់

 

           វិទ្យុជាតិកម្ពុជា ៖ កញ្ញា អ៊ី កនិកា ០៦ .១.២០២២

                          MC ៖ ផ្ទះកសិដ្ឋានតុកកែញញឹម ដែលជាអេកូរីសត បានក្លាយជាតំបន់មួយកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្តមិនចេះដាច់ ខណៈដែលតំបន់នេះបានផ្គាប់ចិត្តភ្ញៀវ ឲ្យចូលចិត្តស្នាក់នៅក្នុងបរិស្ថានធម្មជាតិ ។ 

 

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ផ្ទះកសិដ្ឋានតុកកែញញឹមនេះ ជាទីកន្លែងបង្កើត បរិយាកាសសកម្មភាព អាចជិះកង់លើបរិវេណដីធំទូលាយ ហើយភ្ញៀវក៏អាចស្វែងយល់ពីការដាំដុះបន្លែ ក៏ដូចជាទិញកសិផលទាំងនោះ ថែមទៀតផង។

បន្ថែមពីនេះទៀត ភ្ញៀវអាចទៅទស្សនាការចិញ្ចឹមសត្វរបស់អ្នកភូមិគំរូ ។ ផ្ទះរីសតខ្មែរទាំងនោះកសាងឡើងខ្ពស់ផុតពីដី ដែលជួយឲ្យមាន ចរន្ដខ្យល់ចេញចូលល្អ ខណៈភោជនីយដ្ឋានគ្មានជញ្ជាំង ជាទីដែលភ្ញៀវទទួលទានអាហារចម្អិនពីកសិផលស្រស់ៗ ផ្ដល់នូវបរិយាកាស ផាសុកភាពបែបធម្មជាតិ។ លោកបានបន្តថា ផ្ទះរីសតខ្មែរមួយនេះ ជាផ្នែកមួយនៃគម្រោងជាច្រើនរបស់អង្គការតុកកែញញឹមកម្ពុជា (SGC) បានផ្ដល់សេវាកម្មបដិសណ្ឋារកិច្ច ដែលភ្ញៀវអាចស្នាក់នៅក្នុងផ្ទះឈើ ទស្សនាសួនបន្លែតាមរដូវកាល ទទួលទានម្ហូបអាហារចម្អិនពីផលិតផល របស់រីសតផ្ទាល់ ក៏ដូចជាជិះកង់គយគន់ទេសភាពស្រុកស្រែ ស្ទូចត្រី និងទស្សនារោងជាងឈើថែមទៀត។

លោកបានបញ្ជាក់ថា៖« ខេត្តនេះមានមោទនភាពសារៈសំខាន់ណាស់ ដែលអង្គការតុកកែញញឹមដែលបានអភិវឌ្ឍន៍ ផ្ទះស្នាក់មួយបានល្អ ហើយមានការទាក់ទាញភ្ញៀវអន្តរជាតិ និងជាតិ ថែមទាំង គាត់បានអភិវឌ្ឍន៍ នូវផលិតផលដំណាំកសិកម្ម មិនប្រើប្រាស់ជាតិគីមី ។ ដូច្នេះហើយផ្ទះកសិដ្ឋានតុកកែញញឹម រហូតដល់ភ្ញៀវមកស្នាក់នៅទីនោះ ។ ហើយចំពោះការស្នាក់នៅ គាត់បានស្នើសុំ ធ្វើអាជីវកម្ម ពីរដ្ឋបាលខេត្តបានត្រឹមត្រូវ គាត់បានអនុវត្តតាមស្តង់ដានានា ដែលមន្ទីរបានណែនាំ ។ ដូច្នេះ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកស្នាក់នៅ ទីតាំងអង្គការតុកកែញញឹម បានច្រើនក្នុងសម័យកូវីដ មុនកូវីដ ក្រោយកូវីដក៏ដោយ »។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ផ្ទះកសិដ្ឋានតុកកែញញឹមស្ថិតនៅលើផ្ទៃដីធំទូលាយជាង១៣០ហិកតា ជាទីដែលភ្ញៀវអាចរក្សានូវគម្លាត សុវត្ថិភាព ដោយសារតែផ្ទះឈើនីមួយៗស្ថិតនៅឆ្ងាយពីគ្នា និងហ៊ុមព័ទ្ធដោយរុក្ខជាតិតូចធំ និងបន្លែបង្ការជាច្រើនប្រភេទ។

សូមបញ្ជាក់ថា ផ្ទះកសិដ្ឋានតុកកែញញឹម (Farmhouse Smiling Gecko) អេកូរីសត ស្ថិតនៅភូមិឋានជនបទ ស្រុកសាមគ្គីមានជ័យ នៃខេត្ដកំពង់ឆ្នាំង បាននិងកំពុងអនុវត្ដនូវប្រតិបត្ដិការលើកស្ទួយបរិស្ថាននៅមូលដ្ឋានជនបទ ហើយបើមានបំណងធ្វើដំណើរទៅកម្សាន្តនៅទីនោះ ត្រូវចំណាយពេលប្រមាណជិត ២ ម៉ោង ពីរាជធានីភ្នំពេញ ៕IMG_20220106_114815_781IMG_20220106_114817_330

Comments

Related posts