ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជនចំនួន ១០០គ្រួសារ ក្នុងឱកាសខួបលើក ទី៤៣ទិវាជ័យជម្នះ៧មករា 

 

 

វិទ្យុជាតិកម្ពុជា ៖លោក ស៊ីផុន ហ៊ុងគ្រី

 

មណ្ឌលគិរី៖ ដើម្បីបង្កើនភាព ស្និទ្ធស្នាល និងបានដឹងពីសុខទុក្ខរបស់គ្រួសារអតីតយុទ្ធជន ដែលកន្លងមកបានខិតខំទាំងកម្លាំងកាយ កម្លាំងចិត្ត បម្រើជាតិ មាតុភូមិ រក្សាសន្តិភាពសង្គម និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពដូចបច្ចុប្បន្ននេះ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល ខេត្ត មណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអតីត យុទ្ធជន ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមយុវជនជាច្រើនរូប នៅតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី។

     ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារអតីត យុទ្ធជនទាំងអស់ ក្នុងឱកាសអបអរសាទរខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០២២។ ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ពីសុខុមាលភាព រស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងមាន បញ្ហាផ្សេងៗ ថែមទាំងបានឧបត្ថម្ភ ថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពផងដែរ។ ឯកឧត្តម បានជំរុញដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត/ក្រុង/ស្រុក ត្រូវបន្តសហការគ្នា ចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនដល់មូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខ និងការរស់នៅរបស់ពួកគាត់។ ម្យ៉ាងទៀត ក៏សូមឱ្យអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ ដាំដុះដាំណាំរួមផ្សំផ្សេងៗ ថែមទាំង ត្រូវថែទាំសុខភាព តាមរយៈការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត។ បន្ថែមលើសនេះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែល មិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំង ដែលអាជ្ញាធរក្រុង/ស្រុក បានកំណត់ និងត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខភិបាល ៣កុំ និង៣ការពារ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

 

លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានឱ្យដឹងថា ត្រឹមខែធ្នូ ឆ្នាំ២០២១នេះ ចំនួនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសរុប ២៩១នាក់ ក្នុងនោះ និវត្តជន ២២៦នាក់ ជនពិការ ៣៦នាក់ ជនបាត់បង់ ០៣នាក់ គ្រួសារពលី ១៧នាក់ និងគ្រួសារមរណៈ ០៨នាក់។ លោក បានបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានចុះប្រគល់ថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពចំនួន ១២សព ចុះសួរ សុខទុក្ខសមាជិកតាមគេហដ្ឋាន និងជូនអំណោយបានចំនួន ៨គ្រួសារ បានសាងសង់ផ្ទះចំនួន ០៤ខ្នងផ្ទះ បានសហការជាមួយមន្ទីរសង្គមកិច្ច ចុះប្រគល់ថវិកាធានារ៉ាប់រងសង្គម ជូនគ្រួសារសពចំនួន ០៩គ្រួសារ សហការជាមួយមន្ទីរសុខាភិបាល ចុះចាក់វ៉ាក់សាំងលើកទី១-២ និងទី៣ ជូនអតីតយុទ្ធជន និងគ្រួសារ។

 

នាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត បានផ្តល់សម្ភារៈជាគ្រឿង ឧបភោគបរិភោគមួយចំនួន អាវរងារ និងថវិកា ៥ម៉ឺនរៀល ក្នុងម្នាក់ ជូនអតីតយុទ្ធជន ខេត្តមណ្ឌលគិរី ចំនួន១០០គ្រួសារផងដែរ៕ IMG_20220107_191407_533IMG_20220107_191418_611IMG_20220107_191424_048IMG_20220107_191426_498

Comments

Related posts