សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយពីបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្កានៅមីយ៉ាន់ម៉ា

វិទ្យុជាតិកម្ពុជា÷

 

ភ្នំពេញ÷សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់មាតុប្រទេសវិញហើយនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្កានៅប្រទេសមីយ៉ាន់ម៉ា។ ក្រោយពីត្រឡប់មកដល់មាតុភូមិវិញ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ដើម្បីសម្របសម្រួលជួយដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា និងក្នុងគោលដៅដើម្បីពង្រឹងដល់មិត្តភាពរបស់អាស៊ានផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនៃការបំពេញទស្សនកិច្ចរបស់សម្តេចតេជោនេះ មេដឹកនាំមីយ៉ាន់ម៉ា បានសម្រេចពន្យារ ពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់ បញ្ឈប់អំពើហិង្សា ។ បន្ថែមពីនេះ លោកគាំទ្រឲ្យមានកិច្ចប្រជុំ ដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ ព្រមទាំងធានា និងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេស ប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផង។ ក្នុងដំណើរ បំពេញទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់ជំនួយមួយចំនួនទៀត ដល់មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះមានដូចជា ម៉ាស់ចំនួន ៣.២០០.០០០ ឯកសណ្ឋានការពារ (PPE) ចំនួន ៣០.០០០ ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន៥០គ្រឿង ឧបករណ៍តាមដានអ្នកជំងឺចំនួន៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត៕IMG_20220108_185003_307

Comments

Related posts