គម្រោងស្ថាបនាផ្លូវថ្នល់ទាំង៣៨ ខ្សែនៅសៀមរាប បានបញ្ចប់ជាស្ថាពរ 

 

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២

 

MC.ផ្លូវថ្នល់ចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប បានស្ថាបនារួចរាល់ជាស្ថាពរ ព្រមជាមួយការបំពាក់ប្រព័ន្ធភ្លើងបំភ្លឺផ្លូវ កាមេរ៉ាសុវត្ថិភាព ក៏បានជិត បញ្ជប់ជាស្ថាពរហើយដែរ។ 

 

ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅ ក្រុងសៀមរាបខេត្តសៀមរាប នាថ្ងៃទី០៩ខែមករាឆ្នាំ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រោយពេលប្រកាសបើកការដ្ឋានសាងសង់ផ្លូវថ្នល់ទាំង៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃ៣០វិច្ឆិកាឆ្នាំ២០២០និងក្នុងខណៈពេលក្រុងសៀមរាប បានស្ងប់ស្ងាត់ការចូលមកកម្សាន្តពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផង នោះ ក្រុមការងារជំនាញទទួលបន្ទុកតាមផ្នែកនីមួយៗ បានខិតខំប្រឹងប្រែង ក្នុងការស្ថាបនាផ្លូវថ្នល់ទាំង៣៨ខ្សែ បូករួមជាមួយ ការធ្វើប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងលូបង្ហូរទឹកកខ្វក់ រហូតបាន បញ្ចប់គម្រោងតាមផែនការគ្រោងទុក ពោលគឺចំណាយ ពេលវេលាចំនួន១៣ខែ។

ឯកឧត្តមបន្តថា ជាមួយនឹងគម្រោងស្ថាបនាផ្លូវថ្នល់៣៨ខ្សែនេះ ក៏មានការបំពាក់នូវភ្លើងសញ្ញាចរាចរណ៍ កាមេរ៉ាសុវត្ថិភាព ដាំបង្គោលភ្លើង និងដាំដើមឈើ សម្រាប់លម្អតាមដងផ្លូវ ធ្វើយ៉ាងណាផ្តល់ភាពងាយស្រួល និងបង្កើនសម្រស់ស្រស់ស្អាតដល់ក្រុងសៀមរាប។ 

ឯកឧត្តមបន្តទៀតថា នេះជាមោទនភាពជាតិមួយ សម្រាប់កម្ពុជា ដែលបានកែលម្អជាបន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសការត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរ ក្រោយពេលការប្រកាសបើកប្រទេសឡើងវិញ ដោយសារប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញស្ទើរទូទាំងប្រទេស។

ឯកឧត្ដមបញ្ជាក់ថា៖ក្រោយពេលបើកការដ្ឋានមកយើងក៏បានចាប់ដំណើរការសាងសង់ ផ្លូវ១០៦គីឡូម៉ែត្រ ៣៨ខ្សែនេះ ហើយអ្នកអនុវត្តគម្រោងមាន៨អង្គភាពរបស់រដ្ឋយើង អ៊ីចឹងក្នុង៣៨ខ្សែនេះក៏មានធ្វើលូ ប្រហែល២៥០គីឡូម៉ែត្រ លូទឹកភ្លៀងនិងលូទឹកកខ្វក់ និងដាក់កាមេរ៉ាសុវត្ថិភាព២០០កន្លែង ភ្លើងស្តុប២០កន្លែង ដាក់បង្គោលភ្លើង៥៣០០បង្គោល ដាំដើមឈើ៣១២៥ដើម ដើម្បីឱ្យមានសោភ័ណភាពល្អថែមទៀត មកដល់ថ្ងៃទី២៩ ខែធ្នូ បានបញ្ចប់ជាស្ថាពរ១០០ភាគរយ លើការសាងសង់ផ្លូវទាំងអស់ទាំង៣៨ខ្សែ។ ចំពោះការដាក់បរិក្ខារផ្លូវដូចជាបង្គោលភ្លើង ភ្លើងស្តុប កាមេរ៉ា យើងធ្វើបាន៧២ភាគរយទេ ប៉ុន្តែផ្លូវជារួមគឺហើយ១០០ភាគរយ តាមការគ្រោងទុក។

សូមជម្រាបផងដែរថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចំនួន ៣៨ ខ្សែនេះ មានប្រវែងសរុប ១០៦ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិ សរុបប្រមាណជាង ១៤៩ លានដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន ៩ លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ស្ថិតក្រៅគម្រោងសាងសង់ផ្លូវទាំង៣៨នេះ ដោយចំណាយពេលសាងសង់ ចំនួន ១៣ខែ ហើយបានបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ៕IMG_20220110_080244_397IMG_20220110_080253_392IMG_20220110_080255_819IMG_20220110_080258_156IMG_20220110_080300_997

Comments

Related posts