អាជ្ញាធររាជធានី អរគុណ ដល់លោកគ្រូ អ្នកគ្រូដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ រហូតបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

 

 

វិទ្យុជាតិកម្ពុជា

 

ភ្នំពេញ៖ លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកគ្រូ អ្នកគ្រូដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់កូវីដ-១៩ រហូតឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានយ៉ាងជោគជ័យ។

    លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានសម្ដែងនូវការអរគុណបែបនេះ ក្នុងឱកាសដែលលោកធ្វើជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំ សិក្សា ២០២១-២០២២ នៅវិទ្យាល័យជាស៊ីមសន្ឋរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី១០ មករាឆ្នាំ២០២១នេះ។

   លោកអភិបាលរងរាជធានី បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកពិតជាអរគុណ ចំពោះលោកគ្រូ អ្នកគ្រូដែល មិនរត់ចោលគ្នាក្នុងគ្រាដ៏លំបាកនៃជំងឺកូវីដ-១៩ ហើយលោកក៏អរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ រាជរដ្ឋាភិបាលដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ យ៉ាងល្អ ពិសេស គឺរាជរដ្ឋាភិបាលបានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពរដ្ឋបានគ្រប់គ្នា ពោលគឺក្នុងចំនួនប្រជាពលរដ្ឋ ១៦លាននាក់ ការចាក់វ៉ាក់សាំងបានប្រមាណ៨៩,២៦% ហើយគ្រោងនឹងចាក់វ៉ាក់សាំងដូស ទី៤នៅពេលខាងមុខនេះបន្ថែមទៀត។ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកក៏នៅតែធ្វើការណែនាំឱ្យ លោកគ្រូ អ្នកគ្រូនិង សិស្សានុសិស្សទាំងអស់ សូមកុំភ្លេចការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយសារតែពេលនេះ ជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង បានចូលក្នុងសហគមន៍ហើយ ដែលយើងត្រូវតែបន្តការប្រុងប្រយ័ត្នថែមទៀត។

  លោកបន្តថា សម្រាប់ឆ្នាំ២០២២នេះ កម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដោយយើងនឹងត្រូវធ្វើជាប្រធានអាស៊ានទាំង១០ប្រទេស ហើយរាជធានីភ្នំពេញក៏ត្រូវធ្វើជាប្រធានទីក្រុងអាស៊ានផងដែរ ។ បន្ថែមពីនេះ ឆ្នាំ២០២២ យើងក៏មានការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ ដែលលោកគ្រូ អ្នកគ្រូត្រូវតែចូលរួមក្នុងការបោះឆ្នោតនេះ។

    ក្នុងឱកាសនោះដែរ លោកនួន ផារ័ត្ន តំណាងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូនទៅដល់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូផងដែរ ដែលមានទាំងប៊ិច សៀវភៅនិងថវិកាមួយចំនួន៕IMG_20220110_202221_789IMG_20220110_202158_885IMG_20220110_202217_764IMG_20220110_202206_207IMG_20220110_202208_678IMG_20220110_202212_185

Comments

Related posts