វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១០ ០១ ២០២២
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបកស្រាយទៅអតីត អគ្គលេខាធិការអាស៊ាន ដែលជាជនជាតិសិង្ហបុរីថា គោលការណ៍ឯកឆន្ទឬកុងសង់ស៊ីសរបស់អាស៊ានទាំង ៥ចំណុច ចំពោះបញ្ហានៅមីយ៉ាន់ម៉ា មិនមាននិយាយពីរឿងបោះឆ្នោតនោះឡើយ។
ការបកស្រាយបែបនេះ ដោយសារតែលោក អុង កេងយ៉ុង អតីតអគ្គលេខាធិការអាស៊ាន បានថ្លែងថា ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយ ប្រមុខរបបយោធាមីយ៉ាន់ម៉ា បង្ហាញពីការបែកបាក់កាន់តែខ្លាំងឡើងក្នុងតំបន់អាស៊ាន។ អ្នកការទូតជើងចាស់ សញ្ជាតិសិង្ហបុរី ក៏បានលើកឡើង ថា ជំនួបនោះគួរតែមាននិយាយពីការជំរុញឱ្យមានការរៀបចំការបោះឆ្នោតនៅមីយ៉ាន់ម៉ា និងការប្រគល់អំណាចដល់អ្នកឈ្នះឆ្នោតវិញ តាមបែប ប្រជាធិបតេយ្យ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃទី១០ ខែមករា ប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ បានបញ្ជាក់ថា គោលការណ៍កុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន អត់មាននិយាយពីការបោះឆ្នោតទេ ។
សម្ដេចបញ្ជាក់ថា « កុងសង់ស៊ីស ៥ចំណុច របស់អាស៊ានអត់មាននិយាយពីការបោះឆ្នោតទេ ប៉ុន្តែដំណោះស្រាយមួយ យើងចង់បញ្ចប់ដោយការ បោះឆ្នោតនោះឯង។ ខ្ញុំឃើញហើយ លោក អុង កេងយ៉ុង អតីតអគ្គលេខាធិការអាស៊ាន ដែលជាមន្ត្រីការទូតរបស់សិង្ហបូរី បានចេញមកនិយាយ រឿងកុងសង់ស៊ីស ។ ខ្ញុំចង់និយាយទៅឯកឧត្តម សូមឯកឧត្តមមើល កុងសង់ស៊ីស ៥ចំណុច »។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា អតីតអគ្គលេខាធិការអាស៊ានជាជនជាតិមួយក្នុងតំបន់អាស៊ាន ដែលមិនចេះអ្វីសោះ។ បន្ថែមពីនោះទៀត លោក អុង កេងយ៉ុង ជាមនុស្សដែលកើតក្នុងប្រទេស ដែលមានសន្តិភាពស្រាប់ អ៊ីចឹងលោកមិនយល់ពីដំណើរការស្វែងរក សន្តិភាពនៅក្នុងប្រទេសមួយនោះទេ ហើយដោយសារតែលោកធ្លាប់ធ្វើត្រឹមតែជាអគ្គលេខាធិការអាស៊ាន ពោលមិនមែនជាប្រធានអាស៊ាន ហេតុនេះហើយលោកក៏គ្មានបទពិសោធន៍ ដោះស្រាយបញ្ហានានានោះដែរ។
គួររំលឹកថា មុនទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា មិននិយាយអ្វីលើសពីគោលការណ៍កុងសង់ស៊ីស ៥ចំណុចនោះដែរ ហើយគោលការណ៍ទាំងនេះ និងធម្មនុញ្ញអាស៊ាន គឺជាគម្ពីរក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
បើតាមសេចក្តីប្រកាសព័ត៌មានរួមរវាងកម្ពុជា និងមីយ៉ាន់ម៉ា បញ្ជាក់ថា វឌ្ឍនភាពធំៗ ដែលគេឃើញមាននោះគឺ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលបទឈប់បាញ់ រហូតដល់ចុងឆ្នាំ២០២២ ហើយអំពាវនាវភាគីពាក់ព័ន្ធបញ្ឈប់ហិង្សា ខណៈកម្ពុជា-មីយ៉ាន់ម៉ា ក៏បានគាំទ្រឱ្យមានកិច្ចប្រជុំរវាង ភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា។ បន្ថែមលើនេះ មេដឹកនាំកំពូល យោធាមីយ៉ាន់ម៉ា ក៏បានចេញមុខធានា និងសម្របសម្រួល ដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងពេលបំពេញភារកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យបានជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ផងដែរ ៕
Comments